៧០លានដុល្លារតើអាចកែលម្អផ្លូវស្រុកខ្មែរជាប់បានប៉ុណ្ណា?

130

តាមការឱ្យ​ដឹងពីក្រសួងសាធារណៈការបានបង្ហាញ​ថា ​ថវិកា​បានមកពីកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​លើក​កម្រិត​ផ្លូវជាតិ​លេខ​១ ចន្លោះ​ពី​អ្នក​លឿង​ទៅ​បាវិត​(​គីឡូម៉ែត្រ​លេខ​៦៣+៣០០ ដល់​គីឡូម៉ែត្រ​លេខ ១៥៩+០០០) ពី​កម្រាល​កៅស៊ូ DBST នា​ពេលប្ចុប្បន្ន​ទៅ​ជា​កម្រាល​កៅស៊ូ AC។ ចំណែក​កំណាត់​​ផ្លូវជាតិ​លេខ​៦វិញ គឺ​ត្រង់​ចន្លោះ​ពី​ក្រុង​សៀមរាប ទៅ​ក្រឡាញ់ (​គីឡូម៉ែត្រ​លេខ​៣១៧+៦៣០ ដល់​គីឡូម៉ែត្រ​លេខ​៣៦៧+៥១២) ដែល​បច្ចុប្បន្ន​មាន​កម្រាល​កៅស៊ូ AC​ស្រាប់​ហើយ​នោះ ​នឹង​ត្រូវ​សាងសង់​លូ​សងខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ​។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​បន្ថែមទៀតថា កំណាត់​ផ្លូវ​ទាំងពីរ​នេះ នឹង​ធ្វើការ​លើក​កម្រិត​ដោយ​ការងារ​ស្ថាបនា​ក្រាល​កៅស៊ូ AC រយៈពេល ១៨​ខែ ហើយ​បន្ត​ថែទាំ​រយៈពេល ៣៦​ខែ សរុប​ប្រើ​រយៈពេល ៥៤​ខែ ហើយ​នឹង​ចាប់ផ្តើម​ការដ្ឋាន​ពី​ខែ​មករា ឆ្នាំ​២០១៩ ដល់​ខែ​មិថុនា ឆ្នាំ​២០២៣​។​

ក្នុងនោះថវិកាកម្ចីនេះក៏​យកទៅ​ស្ថាបនា​មន្ទីរពិសោធន៍ សម្ភារៈ​សំណង់​ចំនួន ៤​កន្លែង នៅ​ខេត្ត​ក្រចេះ កំពត សៀមរាប និង​ពោធិ៍សាត់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាច​ត្រួតពិនិត្យ​បច្ចេកទេស​ការស្ថាបនា​ផ្លូវថ្នល់ ឲ្យ​កាន់តែ​មាន​គុណភាព​រឹងមាំ​ល្អ​ដែរ​។

សូម​រំលឹក​ថាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានផ្តល់ប្រាក់កម្ចីសម្បទាន ៧០លានដុល្លារ សម្រាប់កែលម្អ និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ១និងលេខ៦ ដោយចុះហត្ថលេខាទទួលប្រាក់កម្ចីដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមកពី ADBកាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨៕

Facebook Comments