អ៊ីឡេងប្រធានស្នាក់ការបរិស្ថានខេត្តពោធិសាត់ ឃុបឃិតជាមួយក្រុមឈ្មួញកាប់ឈើនៅស្រុកវាលវែង ជញ្ជូនចេញតាមច្រកអូរត្រាវ និងស្រុកភ្នំក្រវាញ

257

ពោធិសាត់+កំពង់ស្តឺ: ព័ត៌មានច្បាស់ការមកថា មុខសញ្ញាដដែលៗ ដែលជាក្រុមបំផ្លាញព្រៃឈើចាស់វស្សានៅក្នុងស្រុកឱរ៉ាល់ប្រើមនុស្សជំនិតរបស់ខ្លួនជាប្រធានស្នាក់ការបរិស្ថានខេត្តពោធិសាត់ ឃុបឃិតគ្នាជាប្រព័ន្ធកាប់បំផ្លាញឈើប្រណិតៗនៅក្នុងស្រុកវាលវែងយកមកស្រុកឱរ៉ាល់ តាមច្រកអូរត្រាវ និងស្រុកភ្នំក្រវាញ យ៉ាងរលូនគ្មានការបង្ក្រាបនោះទេ ព្រោះអ្នកតាធំប្រចាំខេត្តពោធិសាត់ ក៏ទទួលសំណែនហើយដែរ ។ 

សេចក្ដីរាយការបានបន្តថា ឈើដែលគេកាប់ចែកការដឹកជញ្ជូនជាពីរច្រក មួយចេញពីតំបន់ខាងលើតាមភូមិសាស្ត្រខេត្តពោធិសាត់ទៅផ្លូវជាតិលេខ៥ និងមួយច្រកទៀតគឺច្រកអូរត្រាវដែលជាច្រកបទល្មើសធំជាងគេឆ្លងកាត់ទឹកដីខេត្តកំពង់ស្ពឺមុននឹងបន្តចរាចរណ៍ទៅតាមគោលដៅផ្សេងទៀតក្នុងប្រទេសនិងក្រៅប្រទេស ។

ក្រុមទាំងនោះមានដូចជាក្រុមលោក ប្រាក់ អ៊ីឡេង ប្រធានគ្រប់គ្រងស្នាក់ការបរិស្ថានខេត្តពោធិសាត់ និងក្រុមឈ្មួញមានលោកណុប ឌី (មេក្លោងធំ)លោក អុន លោកសុខ និងប្អូនប្រុសលោក ជឿង ថេង (ដែលមិនចេញមុខ) ជាដើម ។ដោយក្រុមនេះប្រើរថយន្តអារ៉េ និងគោយន្តជាច្រើនគ្រឿង ដឹកឈើចេញដូចស្រមោចមកពីតំបន់វាលវែង ខណៈដែលជំនាញមិនក្រោម១០ស្ថាប័ន ប្រចាំការសម្ងំសុខនៅច្រកអូរត្រាវ ដែលជាច្រកចេញបទល្មើសព្រៃឈើដ៏ធំមួយរវាងខេត្តពោធិសាត់ និងកំពង់ស្ពឺ ។

ទាក់ទងនិងការលើកឡើងនេះដែរ យើងមិនទាន់អាចសុំការបំភ្លឺពីលោក ប្រាក់ អ៊ីឡេង ប្រធានគ្រប់គ្រងស្នាក់ការបរិស្ថានខេត្តពោធិសាត់ បាននៅឡើយ ។

ចំណែកលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺបានអោយដឹងថា ដោយភូមិសាស្ត្រច្រកចេញចូលពីខេត្តពោធិសាត់មានច្រើន ហើយកម្លាំងជំនាញមានកំណត់ ទើបកម្លាំងពេលខ្លះក៏ពិបាក់ក្នុងការបង្ក្រាប ជាពិសេសនៅពេលយប់ ទោះយ៉ាងណាលោកថា កម្លាំងក៏បានប្រឹងប្រែងណាស់ដែរក្នុងការទប់ស្កាត់បទល្មើសខាងលើទៅតាមគោលដៅដែលបានកំណត់៕ 

Facebook Comments