វីត​វីត ត្រូវ​បាន​ទូរទស្សន៍​ថ្មី​ចុះ​កុងត្រា​ទិញ​សិទ្ធិ​ផ្ដាច់មុខ​

377

​បន្ទាប់​ដើរចេញ​ពី​ទូរទស្សន៍​អប្សរា​ជិត១ឆ្នាំ​មក​ក្រោយពី​បម្រើការ​ងារ​នៅ​ទីនោះ​អស់​ជាង៣ឆ្នាំ ពេលនេះ​ពិធី​ការិនី​កញ្ញា វីត​វីត ត្រូវ​បាន​ទូរទស្សន៍​ថ្មី​ចុះ​កុងត្រា​ទិញ​សិទ្ធិ​ផ្ដាច់មុខ​ហើយ ដោយ​កុងត្រា​នោះ​នាង​ចុះ​រហូតដល់​ទៅ៣ឆ្នាំ ចងជើង​នាង​មិន​អាច​ទៅ​ធ្វើការងារ​ឲ្យ​ទូរទស្សន៍​ផ្សេង​បាន​ឡើយ។

​ទូរទស្សន៍​ដែល វីត​វីត ចូល​ទៅ​ធ្វើ​នៅ​គឺជា​ទូរទស្សន៍ Nice TV ដែល​ជា​ទូរទស្សន៍​ទើបតែ​បង្កើត​ថ្មី​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន NICE Culture Investment Group របស់សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន។
​វីត​វី​តៗ ថ្លែង​ឲ្យដឹង​ថា នាង​ទើបតែ​ចុះ​កុង​ត្រា​ថ្មីៗ​នេះ ដោយ​ក្នុង​នោះ​ខ្លួន​មាន​នាទី​រហូតដល់​ទី២ គឺជា MC ផង និង ផ្នែក​លក់​ពាណិជ្ជកម្ម​ផង។ “​លូ​វ​ហ្នឹង​កម្មវិធី​សិល្បៈ​មិនទាន់​មាន​ទេ​បង គាត់​ថា គ្រោង​ធ្វើការ​ប្រឡង​ចម្រៀង​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ តែ​ពេលនេះ​ខ្ញុំ​ធ្វើជា​មួយ​ទីផ្សារ​សិន យើង​ចុះទៅ​ជួប​ភ្ញៀវ​រហូត​ហ្នឹង​”។ អតីត​ពិធី​ការិនី «ផ្ការីក​ក្នុង​សួន» លើកឡើង។
​វីត​វីត មិនទាន់​ដឹង​ថា ខាង NiceTV គ្រោង​ឲ្យ​នាង​កាន់​កម្មវិធី​ប៉ុន្មាន​ឡើយ គ្រាន់តែ​ដឹង​ថា មាន​យ៉ាងតិច១ ហើយ​ការងារ​ចម្បង​របស់​នាង គឺ MC ច្រើនជាង​ផ្នែក​លក់។

វីត​វីត ចូល​ទៅ​ធ្វើ​នៅ​គឺជា​ទូរទស្សន៍ Nice TV

ទោះបីជា​បាន​ចេញ​ទូរទស្សន៍​អប្សរា​ច្រើន​ខែ​ហើយ​ក្ដី ហើយ​នៅកន្លែង​ថ្មី មិនទាន់​មានកម្ម​វិធី​ឲ្យ​កាន់​ទៀត វីត​វីត មិនបាន​បារម្ភ​ពី​ប្រជាប្រិយ​ភាព​ឡើយ។ នាង​ថ្លែង​ថា មិនយូរ​ឡើយ​កន្លែង​ថ្មី​របស់​នាង ច្បាស់ជា​មានកម្ម​វិធី​ឲ្យ​នាង​កាន់​ជាក់ជា​មិនខាន។

​តាម​ការ​លើកឡើង​របស់​ពិធី​ការិនី​រូប​នេះ កន្លែង​ថ្មី​របស់​នាង​បាន​ហាម​តែ​ទៅ​ធ្វើការ​ឲ្យ​ទូរទស្សន៍​ផ្សេង​ប៉ុណ្ណោះ ចំពោះ​កម្មវិធី​ទៅ​ធ្វើ MC ដូចជា​សម្ពោធ​ហាង ផលិតផល ថត​ស្ប៉ត ថត​ភាពយន្ត ឬ កម្មវិធី​សិល្បៈ​ផ្សេងៗ​ទៀត​ដែល​នាង​ធ្លាប់ធ្វើ​កន្លងមក ខ្លួន​នៅតែ​អាច​ធ្វើ​ក្រៅ​ម៉ោង​បាន មិន​បញ្ហា​ឡើយ៕

Facebook Comments