លោកអធិការរងស្រុកឱរ៉ាល់ បំផុស​ពលរដ្ឋអោយទៅចាប់ដីព្រៃរបស់រដ្ឋ

1232

កំពង់ស្ពឺ៖  លោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺបានអោយដឹងថា សកម្ម​​ភាព​ប្រជាពលរដ្ឋរាប់សិបគ្រួសារនៅមូលដ្ឋានស្រុកឱរ៉ាល់ ដែលប៉ុនប៉ងលើកគ្នាទៅចាប់ដីព្រៃ​របស់រដ្ឋក្នុងដែន​ជម្រក​សត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានក្រុមការងារលោករកឃើញថា អាចមានការពាក់ព័ន្ធ​និងលោក ​ប្រាក់ មូល ជាអធិការរងនគរបាលស្រុកឱរ៉ាល់ បច្ចុប្បន្នលោកបានកសាងសំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់​លើហើយ។

លោកបានបន្តអោយដឹងថា កន្លងទៅក៏ដូចជាបច្ចុប្បន្នលោក ប្រាក់ មូល បានធ្វើសកម្មភាពទន្ទ្រានយក​ដីព្រៃរបស់រដ្ឋនៅតំបន់ខាងលិចទេទឹកពុះ ដោយមានសង់ជារោងគោនិងព័ទ្ធរបងដោយខុសច្បាប់ ទោះ​ជា​មានការហាមឃាត់ណែនាំពីខាងជំនាញបរិស្ថានក៏ដោយ។ ក្រោយមកពេលថ្មីៗនេះក៏មាន​សកម្ម​ភាព​បំផុសពលរដ្ឋជាច្រើនគ្រួសារឱ្យមកចាប់ដីនៅតំបន់លោកដែលទន្ទ្រានយក។

លោកនាយកដែនជ​ម្រករូបនេះថា បច្ចុប្បន្នលោកនិងក្រុមការងារបាន ធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ​កុំ​ឱ្យយជឿតាមសម្តីបំផុសរបស់អ្នកណាក្នុងករណីប៉ុនប៉ងចាប់យកដីរដ្ឋនេះព្រោះជារឿងខុសច្បាប់​ និងស្បថនៅមុខរូបសំណាក់លោកយាយតេ រឿងដែលមានអ្នកបំផុសថា លោកមានដីនៅចំនុចដែល​ ប្រជាពលរដ្ឋប៉ុនប៉ងមកចាប់យកនេះ ។

លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធាន​ធម្មជាតិនិងការពារ​សិទ្ធិពលរដ្ឋ បានឱ្យយដឹងថា កន្លងទៅក្រុមការងារលោកបានរកឃើញថាលោក ប្រាក់ មូល អធិការ​រង​​ស្រុកឱរ៉ាល់ បានទន្ទ្រានយកដីនៅតំបន់ការពារ​  មានខ្លះប្រើជារូបភាពប្រជាពលរដ្ឋជាខែល ហើយ​ធ្វើ​​​លិខិតទិញលក់រាប់ពាន់ហិតា ដែលកន្លងទៅលោកបានធ្វើលិខិតទៅឯកឧត្ដមអភិបាលខេត្ត ឱ្យ​ធ្វើ​បច្ចុប្បន្នភាពលើដីទិញលក់ទាំងនោះ ហើយក៏រកឃើញដូចនេះមែន និងបានចេញលិខិតដកទុក​ជាសម្បត្តិរដ្ឋទៀតផង នៅតែ​ការចុះអនុវត្តប៉ុណ្ណោះ។ សម្រាប់ករណីខាងលើជាករណីថ្មីមួយទៀត​ដែល​លោក ប្រាក់ មូល កំពុងតែ​ជាប់ពាក់ព័ន្ធក្នុងនាមលោកជាមន្ត្រីយុត្តិធម៌ក្នុងមូលដ្ឋានស្រុក ។

លោកប្រធានអង្គការក៏បានទទូចសុំដល់អាជ្ញាធរនិងជំនាញថ្នាក់លើ ជួយពិនិត្យលើករណីនេះ​និងបញ្ឍប់ជាបន្ទាន់ការផ្ដល់សិទ្ធកាន់កាប់ដោយមិនបានស៊ើបអង្កេតដល់ឬសគល់ពិតប្រាកដ ឬក៏មានការឃុបឃិតគ្នាជាដើម ដើម្បីការពារដីព្រៃដែលសេសសល់រក្សារជាសម្បត្តិរួម។

ទាក់ទងនិងការលើកឡើងនេះយើងមិនទាន់អាចសុំការបំភ្លឺពីលោកប្រាក់ មូល អធិការរងស្រុកឱរ៉ាល់​បាននៅឡើយ។ យើងខ្ញុំរងចាំការបំភ្លឺ!

គួររំលឹកថា ករណីបែបនេះកើតច្រើននៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ដែលកន្លងទៅ​ក៏ដូចជាបច្ចុប្បន្នការទន្ទ្រានក្រោមរូបភាពប្រជាពលរដ្ឋពីឈ្មួញអ្នកមានប្រាក់ ដែលពីមួយថ្ងៃទៅមួយថ្ងៃ​គម្របដីព្រៃកាន់តែហិនហោចទៅៗ ៕

Facebook Comments