រកចាប់ខ្លួនម្ចាស់ទីតាំងលក់សាំងដប និងបុរសម្នាក់ជក់បារី បណ្ដាលអោយកើតអគ្គីភ័យនៅក្រុងព្រះសីហនុ

244

ព្រះសីហនុ៖ ក្រោយអគ្គិភ័យឆេះនៅមុខផ្សារលើ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ។

សេចក្ដីរាយការណ៍មកថា ករណីនេះមិនមែនឆេះផ្ទះឡើយ គឺឆេះតូបលក់សាំងនៅតាមផ្លូវ រួចបន្ដរាលដាលទៅឆេះរថយន្ដដែលនៅក្បែរនោះចំនួន៤គ្រឿង និងរម៉ក់កង់បួនចំនួនបីគ្រឿងផងដែរ ។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ដំបូងឡើយអគ្គិភ័យនេះផ្ដើមចេញពីឆេះនៅតូបលក់សាំង ដោយមានរម៉ក់មួយគ្រឿង បានចូលទៅចាក់ប្រេង ដោយម្ចាស់ម៉ូតូបានជក់បារីនាំឲ្យឆាបឆេះទើបបង្កជាអគ្គិភ័យ រួចប្រេងបានហូរមកតាមផ្លូវ បន្ដឆេះរាលដាលលើរថយន្ដដែល ចតនៅមុខផ្សារ ចម្ងាយពីតូបលក់ប្រេងប្រមាណ៧០ម៉ែត្រ ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច សហការជាមួយក្រុម៧១១ ដែលប្រចាំការនៅសាលាសង្គ្រោះមិត្តភាព កម្ពុជា-ជប៉ុន អគ្គិភ័យនេះបានរលត់ទៅវិញទាំងស្រុង មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

ក្នុងនោះលោកស្នងការថាខ្លួន បានបញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ស្រាវជ្រាវចំពោះម្ចាស់ទីតាំងដែលបើកអាជីវកម្មលក់ប្រេង ដើម្បីឲ្យទទួលខុសច្បាប់ចំពោះមុខច្បាប់ តែម្ចាស់ទីតាំងនេះបានរត់គេចបាត់ហើយ ៕

Facebook Comments