យប់នេះឈ្មួញធំៗកំពុងត្រៀមជញ្ជូនឈើល្មើសច្បាប់ឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយាដាវ ទៅប្រទេសវៀតណាម?

75

សេចក្ដីរាយការណ៍មកថា ការចរាចរណ៍ឈើល្មើសច្បាប់នៅតែបន្តកើតឡើងក្នុងភូមិសាស្រ្តខេត្តរតនគីរី ឆ្លងតាមច្រកទ្វារអន្តរជាតិអូរយាដាវ ជាពិសេសនៅពេលយប់តាមរថយន្តតូរីសនិងរថយន្តយីឌុប គ្មានការបង្រ្កាបនោះទេ ដូចជាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ឈើដឹកតាមរថយន្តយីឌុបរបស់ឈ្មួញធំៗប្រចាំខេត្តមួយនេះបានទៅដល់ក្បែរច្រក ហើយត្រៀមចូលទៅវៀតណាមនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ។

សេចក្ដីរាយការណ៍បានបន្តថា ឈើដែលត្រៀមចេញនោះជារបស់មេឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ និងឈ្មោះហូវ ជីវ៉ៃ ដែលអ្នកទាំងពីរជាមន្រ្តីកងអាវុធហត្ថខេត្តរតនគិរី ។ហើយនៅក្នុងនោះអ្នកទទួលខុសត្រូវខ្ពស់ទៅនឹងសកម្មភាពបទល្មើសនេះមានលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ក៏គេសង្ស័យថា ជាអ្នកពាក់ព័ន្ធផងដែរ ។

ទាក់ទងនឹងការលើកឡើងខាងលើ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី អ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺបាននៅឡើយ ដោយផ្ញើសារចូលទូរសព្ទ​ដៃលោកទាំងពីរហើយ តែមិនមានការឆ្លើយតប ។ គួររំលឹកថាកន្លងទៅទោះជាមានបំរាមពីថ្នាក់ដឹកនាំតឹងយ៉ាងណាសម្រាប់ច្រកទ្វារអន្តរជាតិអូរយាដាវនៅតែមានបទល្មើសព្រៃឈើឆ្លងកាត់តាមរថយន្តតូរីសជាច្រើនគ្រឿង ពេលដែល​សភាព​​ការណ៍ស្ងាត់​បន្តិចការដឹកជញ្ជូនខ្នាតធំក៏ចាប់ផ្ដើមគគ្រើងកឡើងវិញ ដែលការនេះ​នឹងធ្វើ​អោយព្រៃឈើ​នៅ​សេសសល់​ក្នុងស្រុក​លំផាត់ ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី កាន់តែហិនហោចទៅៗ​៕

Facebook Comments