មេភូមិនិងពលរដ្ឋសុំប្ដូរស្មៀន ឃុំតាជេស ស្រុកកំពង់ត្រឡាច ដែលក្រអើតក្រទម កៀបសង្កត់

191

កំពង់ឆ្នាំង៖ មេភូមិមួយចំនួននិងប្រជាពលរដ្ឋបានធ្វើការរិះគន់និងសុំអោយថ្នាក់លើធ្វើការផ្លាស់ប្តូរស្មៀនឃុំតាជេស ស្រុកកំពង់ត្រឡាច ដោយសារតែលោកស្មៀនម្នាក់នេះ មានអត្តចរឹកក្រអឺតក្រទម សំដីគ្មានសិលធម៌ អត់ស្គាល់ចាស់ទំ គំរាមកំហែង កៀបសង្កត់ និង មិនចេះដោះស្រាយរាល់បញ្ហាជូនពលរដ្ឋនោះឡើយ។  ហើយលោកមេភូមិ និងប្រជាពលរដ្ឋក៏បានរិះគន់លោកមេឃុំតាជេសផងដែរថា មិនចេះធ្វើការងារអោយស្មៀនដឹកច្រមុះ។

ភាពមិនប្រក្រតីរបស់ស្មៀននិងមេឃុំតាជេស ស្រុកកំពង់ត្រឡាចនេះ ត្រូវលាតត្រដាង នៅក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈពីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ដែលបានប្រារព្វធ្វើនៅឯស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

តាមរយៈលិខិតមួយច្បាប់ ដែលម្ចាស់លិខិតនោះអះអាងថា គាត់ជាមេភូមិបានយកទៅទម្លាក់ចូលក្នុងហិបសំណូមពរ ក្នុងវេទិការមួយនេះ បានលើកជាសំនួរថា តើស្មៀនឃុំអាចដូរបានដែរឬទេ ? បើដូរបានពួកគាត់សុំដូរស្មៀនឃុំតាជេសចេញ ។ ព្រោះស្មៀនឃុំតាជេសសព្វថ្ងៃនេះបានប្រើអំណាច និង សំឡុត គំរាម កំហែង មកលើពួកគាត់ដែលជាមេភូមិស្ទើគ្រប់ភូមិ ។

ម្ចាស់លិខិតបានលើកជាសំនួរទៀតថា បើមេឃុំអត់ចេះដឹកនាំរាល់សកម្មភាពការងារទាំមូលនៅក្នុងឃុំ តើថ្នាក់លើជួយបង្ហាត់បង្រៀនមេឃុំអោយចេះផងបានទេ ? ពីព្រោះមេឃុំខ្ញុំរាល់ថ្ងៃនេះពួកខ្ញុំឬប្រជាពលរដ្ឋទៅរកអោយជួយដោះស្រាយរឿងឬចុះហត្ថលេខាម្តងៗ  លោកមេឃុំគាត់អោយទៅជួបស្មៀនជាមុនសិនបានគាត់ហានស៊ីញ៉េ បើមិនអីចឹងទេស្មៀនស្តីអោយគាត់។នៅពេលជួបស្មៀនទាល់តែមានចេកសែនបានធ្វើអោយ បើមិនចឹងទេ ឯកសារខុសហើយអោយយកទៅធ្វើថ្មី មិនចេះចប់។

នៅក្នុងលិខិតដោយឡែកមួយទៀតដែលម្ចាស់លិខិតនោះអះអាងថា ជាពលរដ្ឋនៅក្នុងឃុំតាជេស បានលើកជាសំណូមពរសុំអោយថ្នាក់លើជួយពិនិត្យមើលរបៀបរបបធ្វើការងារនៅក្នុងសាលាឃុំតាជេសផង ពីព្រោះប្រជាពលរដ្ឋរាល់ថ្ងៃមានរឿងរ៉ាវជាច្រើនអោយឃុំជួយដោះស្រាយ ឃុំមិនដែលដោះស្រាយបានឡើយ មានតែគៀបសង្កត់យកលុយ ករណីនេះសូមថ្នាក់លើជួយពិនិត្យមើលនិងមានវិធានការផង។

ករណីនេះលោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានកំណត់អោយអាជ្ញាធរស្រុកកំពង់ត្រឡាច ត្រូវរៀបចំក្រុមការងារចុះពិនិត្យនិងស្រាវជ្រាវចំពោះស្មៀននិងមេឃុំតាជេសបើសិនមានបញ្ហាដូចសំណូមពរមែនត្រូវអនុវត្តតាមនិតិវិធីរដ្ឋបាលមិនត្រូវទុកអោយមានការថ្នាំងថ្នាក់ពីអាជ្ញាធរនិងប្រជាពលរដ្ឋនោះឡើយ៕

Facebook Comments