មុនឆ្នាំ២០៣០ បច្ចេកវិទ្យាថ្មីៗ នៃបដិវត្តឧស្សាហកម្ម អាចបង្កើតតម្លៃសេដ្ឋកិច្ច ទំហំពី ២២០ ទៅ ៦២៥ ពាន់លានដុល្លារ

488

ASEAN អាចក្លាយជាទីតាំងជួរមុខនៃការផ្លាស់ប្តូរ តាមរយៈការនាំមុខមុនគេ នៃការទទួលយកបច្ចេកវិទ្យាដែលថ្មីបំផុត។ បើផ្អែកតាមកាសិក្សារបស់ ADB ដែលយើងនឹងពិភាក្សាថ្ងៃនេះ មុនឆ្នាំ២០៣០ បច្ចេកវិទ្យាថ្មីៗ នៃបដិវត្តឧស្សាហកម្ម អាចបង្កើតតម្លៃសេដ្ឋកិច្ចដែលមានទំហំពី ២២០ ទៅ ៦២៥ ពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចនៃតំបន់ ASEAN។ នេះជាការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងពិធីបើកសិក្ខាកម្រិតខ្ពស់ ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមប្រធានបទ៖ “តើបដិវត្តឧស្សាហកម្មទី៤ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អាចជំរុញការផ្លាស់ប្តូរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ដោយរបៀបណា?”

ឯកឧត្តមបានបន្តថា បដិវត្តឧស្សាហកម្មទី៤ នឹងផ្តល់ដល់តំបន់ ASEAN ទាំងមូល នូវសក្តានុពលសម្រាប់ការធ្វើសមាហរណកម្មកាន់តែខ្លាំងចូលទៅក្នុងចង្វាក់តម្លៃសាកល និងបណ្តាញផលិតកម្ម ព្រមទាំងនឹងធ្វើការផ្លាស់ប្តូរចនាសម្ព័ន្ធសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈការកាត់បន្ថយថ្លៃដើម, បង្កើនផលិតភាព និងពង្រីកវិមាត្រសេដ្ឋកិច្ចកាន់តែធំ តាមរយៈ Platforms ឌីជីថល មានដូចជា Artificial Intelligence, Big Data, ការទូទាត់ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក។ 

ព្រមជាមួយគ្នានេះ ពិភពលោកកំពុងឈានចូលទៅកាន់យុគសម័យនៃបដិវត្តថ្មីមួយ ឬបដិវត្តឧស្សាហកម្មទី៤ ដែលកំពុងជះឥទ្ធិពលើដំណើការរបស់រដ្ឋាភិបាល, ដំណើការរបស់អាជីវកម្ម និងការរស់នៅរបស់មនុស្សជាតិ។ ហើយការវិវឌ្ឍយ៉ាងលឿនផ្នែកបច្ចេកវិទ្យា បាននិងកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ និងសន្តិសុខ ដោយរាប់ចាប់តាំងពីការបើកបរដោយស្វ័យប្រវត្តិ, ដ្រូន (Drone), ពាណិជ្ជកម្មអេឡិកត្រូនិក (e-commerce), បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), រហូតដល់ការបោះពុម្ព 3D (3D Printing), និងបញ្ញានិមិត្ត (Artificial Intelligence)។

ឯកឧត្តមបានគូសបញ្ជាក់ថា អាស៊ានមានសក្តានុពលធំធេងក្នុងការជំរុញសក្តានុពលកំណើនសេដ្ឋកិច្ច និងរក្សានូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់តំបន់របស់យើង តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងបរិបទ នៃការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការផ្លាស់ប្តូរយ៉ាងលឿននៃការអភិវឌ្ឍបច្ចេកវិទ្យា។ ប៉ុន្តែវាទាមទារយន្តការសម្របសម្រួល និងយន្តការភាពជាដៃគូក្នុងចំណោមភាគីពាក់ព័ន្ធនិងស្ថាប័នទាំងអស់ និងត្រូវពង្រឹងបន្ថែមទៀតនូវការចូលរួមប្រឹងប្រែងជំរុញការវិនិយោគ និងពាណិជ្ជកម្មសេរី ជាពិសេសតាមរយៈការបំបាត់របាំងនានា ទាំងផ្នែកពន្ធ និងមិនមែនពន្ធ ដើម្បីធានាបាននូវរបបពាណិជ្ជកម្ម និងវិនិយោគមួយដែលបើកចំហ និងមានតម្លាភាព។ 

លើសពីនេះ ត្រូវវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានការតភ្ជាប់ Broadband និងបណ្តាញចល័ត ដើម្បីពង្រីកវិសាលភាព និងផ្តល់នូវការប្រើប្រាស់ Internet ជាសកល, យើងក៏ត្រូវលើកកម្ពស់ការកសាងសមត្ថភាព និងការអភិវឌ្ឍជំនាញតាមរយៈ Platforms, បណ្តាញទំនាក់ទនងធុរកិច្ច, និងប្រព័ន្ធ ICT ផ្សេងទៀត ដើម្បីចែករំលែកឧត្តមានុវត្តអន្តរជាតិ ហើយយើងត្រូវការ សុខដុមនីយកម្មខាងផ្នែកវិធាននិងច្បាប់ ពីគ្រប់សមាជិក ASEAN ទាំងអស់។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យម មូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្នុងគោលបំណងគាំទ្រការបង្កើតធុរកិច្ចថ្មី និងការលើកកម្ពស់សហគ្រិនភាព និងសហគ្រាសខ្នាតតូចនិងមធ្យម ដែលជាឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចកម្ពុជា៕

Facebook Comments