ភ្នំពេញនឹងរងឥទ្ធិពលព្យុះកំបុតត្បូងកាន់តែខ្លាំងនៅយប់នេះ ខណៈជំនន់ភ្លៀងកំពុងគំរាមកំហែង

162

នៅថ្ងៃទី២៦ ខែវិច្ឆិកា ព្យុះទី២៩ ឈ្មោះUSAGIកំពុងមានឥទ្ធិពលគ្របដណ្ដប់លើខេត្តស្វាយរៀង និងព្រៃវែង ហើយនឹងមកដល់រាជធានីភ្នំពេញ នៅយប់រំលងអាធ្រាតថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបើតាមការអោយដឹងពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយម ។

លោកថា ព្យុះUSAGIពេលទៅជិតដល់ឆ្នេរប្រទេសវៀតណាម បានវិវត្តទៅជាព្យុះកំបុតត្បូង ហើយ ថយឥទ្ធិពលទៅជាព្យុះ (STS) ដោយមានល្បឿន ជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោងពេលឡើងគោក នៅលើឆ្នេរប្រទេសវៀតណាម។ ពេលចូលមកដល់ ប្រទេសកម្ពុជា វាបានថយនៅកម្រិតជាវិសម្ពាធ ដោយមានកម្លាំងខ្យល់បក់បោកក្រោម១០០ គីឡូម៉ែត្រ ក្នុងម៉ោង ដែលជាល្បឿនមួយរំកិលយឺតបំផុត។ ហើយជំនន់ទឹកភ្លៀងដែលបង្កឡើងដោយព្យុះនេះអាចនឹងកើតមានជំនន់នៅតាមដងស្ទឹងព្រែកត្នោតជាពិសេសខេត្តកំពង់ស្ពឺ ដោយសារព្យុះនេះនឹងធ្វើដំណើរទៅប៉ះជួរភ្នំ មុននឹងឆ្លងទៅដល់ខេត្តកោះកុង ។ 

លោកបានបញ្ជាក់ថា ឥទ្ធិពលព្យុះនេះនឹងថយចុះទៅវិញនៅថ្ងៃទី២៧ ឬ ២៨ ខែវិច្ឆិកា ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយនៅតំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាលភាគពាយព្យ ៕

Facebook Comments