ភ្ញៀវទេសចរណ៍កើនឡើង តែមាយាទទុកដាក់សំរាមនៅតែយាប់ ក្នុងពិធីប្រណាំងទូកនៅក្រុងច្បារមន

182

ភ្ញៀវទេសចរណ៍មកកំសាន្តទស្សនានៅសួនច្បារសាលាខេត្តកំពង់ស្ពឺ និងផ្សាររាត្រីរយៈពេលពីរថ្ងៃ ក្នុងពិធីប្រណាំងទូកនៅឆ្នាំ២០១៨នេះ មានការកើនឡើងជាងឆ្នាំ២០១៧ ចំនួន១២.៥% ខណៈស្ថានភាពបរិស្ថានត្រូវគេមើលឃើញថា នៅមានកំរិតកើតចេញពីឥរិយាបទរបស់ពលរដ្ឋមួយចំនួនក្នុងការចោលសំរាមនៅពាសវាលពាសកាល(មាយាទគ្មានអនាម័យ ការទទួលខុសត្រូវជាពលរដ្ឋល្អ)។

លោក សៅ សារ៉ន ប្រធានមន្ទីទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា៖ស្របពេលខេត្តកំពង់ស្ពឺ មានការរៀបចំតាំងពិព័ណ៍ពាណិជ្ជកម្មមិត្តភាព កម្ពុជា ថៃខេត្តកំពង់ស្ពឺ រយះពេល៧ថ្ងៃ ចាបពីថ្ងៃទី០៥ដល់ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខសួនច្បារសម្តេចព្រះសង្ឃរាជជួន ណាត និងភ្ជាប់ជាមួយពិធីប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច ដោយរដ្ឋបាលសាលាខេត្តបានប្រារព្វធ្វើរយះពេល២ថ្ងៃគឺចាប់គិតពីថ្ងៃទី ១០.១១ ខែវិច្ឆិកា មានភ្ញៀវទាំងជិត ទាំងឆ្ងាយប្រមាណជាង៩ម៉ឺននាក់នៅក្នុងឆ្នាំ២០១៨នេះ បើប្រៀបធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០១៧ មានការកើនឡើងចំនួន១២.៥%។

លោកបន្តថា គោលបំណងក្នុងការៀបចំនេះក្រៅតែផ្ដល់ឱកាស់ដល់អាជីវករ និងប្រជាជនបានបង្ហាញក៏ដូចជាការតាំងលក់នៅមុខទំនិញ ផលិតផល រវាងកម្ពុជា ថៃ។ការសប្បាយកំសាន្តក្នុងកម្មវិធីប្រណាំងទូក បណ្ដែតប្រទីប និងបាញ់កាំជ្រួច គឺធ្វើឡើងដើម្បីជាការរំលឹកដល់ប្រពៃណីទំនៀមទំលាប់ដូនតា ការរំលឹកដល់វីរកងទ័ពខ្មែរដែលបានច្បាំងឈ្នះលើកខ្មាំងសត្រូវនាសម័យបុរាណ ។ល។។

សូមរំលឹកថា ទីតាំងប្រជុំជនភ្ញៀវទេសចរណ៍មកកំសាន្ត គឺនៅតាមបណ្តោយស្ទឹងព្រែកត្នោត ស្ថិតនៅតំបន់សួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត និងផ្សាររាត្រី ក្នុងទឹកដីក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមិនមានអ្វីកើតឡើងគួឱ្យកត់សម្គាល់នោះឡើយ៕ 

Facebook Comments