ប្អូនលោកប្រធាននាយដ្ឋានព្រហ្មទណ្ឌឡើងថ្មី ចាប់កូនកញ្ជ្រែងឆ្នោតយួន ដូចអ្នកតាកាច់

10994

ភ្នំពេញ: មួយរយះនេះតាំងពីដូរតំណែងប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃមក គេឃើញសកម្មភាពក្រុមមួយនេះធ្វើសកម្មភាពចាប់ឃាត់ខ្លួនកូនកញ្ជ្រែងគត់ឆ្នោតយួនជាបន្តបន្ទាប់ ខុសកាលពីរាជកាលលោក សុខ ខេមរិន្ទ នៅកាន់តំណែងគឺកម្រមានសកម្មភាពបែបនេះណាស់ ព្រោះកិច្ចការនេះថ្នាក់ក្រុងឬថ្នាក់មូលដ្ឋានក៏អាចធ្វើបាន ដែលការនេះមើលទៅហាក់ដូចជាដណ្តើមកិច្ចការគ្នាធ្វើ ខណៈគត់ឆ្នោតមិនមែនជាបទល្មើសធំឬធ្ងន់ធ្ងរនោះទេ ។

សេចក្តីរាយការមកថា សកម្មភាពប្រតិបត្តិការឃាត់ខ្លួនកូនកញ្ជ្រែងគត់ឆ្នោតយួននៅភូមិសាស្ត្ររាជធានីភ្នំពេញ គឺមានវត្តមានចុះផ្ទាល់ដោយក្រុមបុរសម្នាក់រហ័សនាម គេហៅថា អាហ្គូ (Ah Go) ជាប្អូនបង្កើតលោក ង៉េង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ដែលចុះចាប់ម្តងៗកម្លាំងប្រដាប់ដោយអាវុធទាំងនោះ សម្លុតគំរាម ដូចចាប់ក្រុមចោរប្លន់អាចឹង ។ ពលរដ្ឋថា ទិដ្ឋភាព និងសកម្មភាពបែបនេះហាក់ព្រៃផ្សៃចំពោះការចុះអនុវត្តន៍ច្បាប់លើអ្នកគត់ឆ្នោតដែលមានតែប៉ិចនិងក្រដាស់ ។

ពលរដ្ឋថា ពួកគាត់សាទរចំពោះចំណាត់ការសមត្ថកិច្ចប្រសិនបើធ្វើឡើងដោយស្មោះត្រង់ តម្លាភាព និងប្រកបដោយវិជ្ជាជីវៈ ។ តែបើសកម្មភាពណាដែលធ្វើឡើងដើម្បីប្រយោជន៍ភាគីណាមួយនោះ គឺលាក់មិនជិតទេ ព្រោះម្នាក់ៗដែលពាក់ព័ន្ធនិងកន្ទុយលេខនេះ សុទ្ធតែដឹងទឹសនិងខ្យល់បក់ហើយ ។ អញ្ជឹងទេពួកគាត់រំពឹងថា ប្រតិបត្តិការនេះនឹងមានភាពវិជ្ជមានជួយដល់សង្គមជាតិ ក្នុងការរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ និងការគោរពច្បាប់ ។

ពួកគាត់ក៏ទទូចសុំអោយសម្តេចក្រឡាហោម ស ខេង ពិនិត្យមើលសកម្មភាពមួយចំនួនដែលមន្ត្រីខ្លះបានកន្ទេលធំបន្លំដេក ធ្វើអោយរាស្ត្រឆ្អែត ខុសពីចេតនា និងគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ៕ 

Facebook Comments