ប្រវត្តិនិងអត្ថន័យនៃបុណ្យកឋិន

109

កឋិនទាន បវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា”កឋិន”ជាភាសាបាលី សំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា”សំពត់កឋិន” ។

បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើវត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។ កាលស្រុកយើង ពុំទាន់មាន ការរីកចំរើនខាងផ្លូវគមនាគមន៍នៅឡើយ យានយន្ដទៀតសោតក៏ពុំសូវមាន ខ្ញុំច្រើនឃើញពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះ ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើលទៅគួរអោយសប្បាយរីករាយខ្លាំងណាស់ មានដំរីជាច្រើន រហូតដល់ ២០ ទៅ ៣០ដំរី ដើរដង្ហែជាជួរ ដំរីនិមួយៗគេ តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌ នៅលើខ្នងដំរី គេចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេមានប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។ លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។ គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ក្ដៅរាក់ទាក់រីករាយជាពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គកថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ បានចាត់អោយភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ។

*អត្ថន័យ នៃ បុណ្យកឋិន

តាម អដ្ឋកថា សំដៅ យក ព្រះពុទ្ធដីកា ដែល ព្រះពុទ្ធ ទ្រង់ បាន បញ្ញត្តិ ទុក មក ថា កឋិន គឺ ការប្រជុំ រួម នូវ រូបធម៌ និង នាមធម៌ ដែល ប្រព្រឹត្ត ទៅ ក្នុង អត្ថន័យ ពីរ យ៉ាង គឺៈ

  1. រស់ បាន ដោយ កម្រ សម ដូច វិគ្គហៈ ថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“ ។ ប្រែ ថា “សភាវៈ ឯណា រស់ បាន ដោយ កម្រ សភាវៈ នោះ ហៅថា កឋិន ព្រោះ លោក ប្រៀបប្រដូច ជា ឈើ ស្នឹង ដែល បុគ្គល កាត់ ចាកចេញ ពី ដើម ហើយ យក ទៅ បោះភ្ជាប់ នឹង ដី រមែង ដុះ លូតលាស់ ឬ រស់នៅ បាន ដោយ កម្រ យ៉ាងណា ឯ កិច្ច ដែល នឹង កើតឡើង ឬ តាំង ឡើង ជា កឋិន ពេញទី គឺ បាន ដោយ កម្រ ពន់ពេក ណាស់ ក៏ យ៉ាង នោះ ដែរ“ ។
  2. ពោល សរសើរ ព្រោះ ចីវរ ទាន ដែល យើង កសាង ជា កឋិន នោះ ជា ទាន វិសេស ជាង ទាន ដទៃ ដែល ព្រះអរិយ ទាំងឡាយ មាន ព្រះសម្ពុទ្ធ ជា ប្រធាន តែង ពោល សរសើរ ថា ជា ទាន ដ៏ វិសេស អាច រួបរួម ឬ ក៏ សង្គ្រោះ នូវ អានិសង្ស ៥ យ៉ាង របស់ ភិក្ខុ អ្នក ក្រាលគ្រង មិន ឱ្យ ទៅ គ្រង នៅ ទី ដទៃ បាន ។ សម ដូច វិគ្គហៈ ថា “បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“ ។ ប្រែ ថា “ធម្មជាតិ ឯណា ក្រៀក ទុក ឬ សង្គ្រោះ នូវ អានិសង្ស ទាំង ៥ យ៉ាង មិន ឱ្យ ទៅ ក្នុង ទី ដទៃ បាន ធម្មជាតិ នោះ ឈ្មោះ ថា កឋិន“ ។

កឋិន នេះ អាច ឱ្យ សម្រេច ដល់ បុគ្គល ទាំងពីរ ផ្នែក គឺៈ

  • ទាយក ឬ ទាយិកា គឺជា អ្នក ឱ្យ ។ ជន នោះ រមែង ទទួល អានិសង្ស ច្រើន ទទួល ផល ច្រើន ក្នុង អនាគតកាល មាន ការ ទទួល នូវ សម្បត្តិ ក្នុង ឋាន ទេវលោក ជាដើម ។
  • បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជា អ្នកទទួល ក្រាលគ្រង និង អនុមោទនា កឋិន ត្រូវ បាន សម្រេច នូវ អានិសង្ស ៥ យ៉ាង ពេញលេញ គ្រប់គ្រាន់ ដរាប ដល់ រយៈកាល នៃ កឋិន ខេត្ត ។

ពិធី ដែល ទាយក-ទាយិកា នាំ យក សំពត់ កឋិន ទៅ ប្រគេន ចំពោះ ភិក្ខុសង្ឃ ដែល បាន គង់ ចាំវស្សា អស់ មួយ ត្រីមាស (៣ខែ) ក្នុង អាវាស (វត្ត) ណាមួយ និង នៅ ពេលណា មួយ ក្នុង កំណាត់ ២៩ ថ្ងៃ (ចាប់ពី ថ្ងៃ ១ រោច ខែ អស្សុជ រហូតដល់ ថ្ងៃ ១៥ កើត ពេញ បូណ៌មី ខែ កត្តិក) ឱ្យ លោក ក្រាលគ្រង មាន ឈ្មោះ ថា “បុណ្យកឋិន“ ឬ “កឋិនទាន“ ។

*កឋិនកាល (កាលទាន)

វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បាន ចែង អំពី បុព្វហេតុ នៃ បុណ្យកឋិន ថា“ក្នុង សម័យ ពុទ្ធកាល ព្រះសម្ពុទ្ធ ទ្រង់ ពុទ្ធានុញ្ញាត ឱ្យ ភិក្ខុ ប្រើប្រាស់ តែ បង្សុកូល ចីវរ ព្រះអង្គ ពុំ ទាន់ បាន ពុទ្ធានុញ្ញាត ឱ្យ ប្រើ គហបតី ចីវរ នៅឡើយ“ ។

នា សម័យ មួយ នោះ នៅ ក្នុង រវាង មជ្ឈិម ពោធិកាល ព្រះសម្ពុទ្ធ ទ្រង់ កំពុងតែ ចាំ ព្រះវស្សា ក្នុង វត្តជេតពន ដែល ជា អារាម របស់ អនាថបិណ្ឌិកសេដ្ឋី សាង ថ្វាយ នៅ ទៀប ក្រុងសាវត្ថី ។ គ្រានោះ មាន ភិក្ខុ ៣០ អង្គ ”ភទ្ទវគ្គិយត្ធេរ“ ក្នុង ដែន បាឋេយ្យ ជា អ្នក ប្រព្រឹត្ត ធម៌ធុតុង្គ រុក្ខមូល នៅ ក្នុង ព្រៃ បាន នាំគ្នា និមន្ត ចេញពី ទីនោះ មកកាន់ ក្រុងសាវត្ថី ដើម្បី នឹង ចូល ក្រាបបង្គំគាល់ ព្រះសម្ពុទ្ធ ។ ប៉ុន្តែ ពេល ភិក្ខុ ទាំងអស់ បាន មកដល់ តែ ត្រឹម សាកេត (ភូមិ មួយ នៅ ជាប់នឹង ក្រុងសាវត្ថី) ស្រាប់តែ ថ្ងៃ ចូលវស្សា ក៏ មកដល់ នឹង ស្រូត មក ទៀត មិនទាន់ ក៏ នាំគ្នា ផ្អាក ធ្វើដំណើរ ស្វែងរក ទីសេនាសនៈ នៅ ចាំវស្សា ៣ ខែ នា ទីនោះ តែម្ដង ទៅ ។

ភិក្ខុសង្ឃ ទាំង ៣០ អង្គ នោះ មាន សេចក្ដី អផ្សុក កើតទុក្ខ តូច ព្រះទ័យ យ៉ាងខ្លាំង ដោយ គិត ឃើញ ថា ព្រះសម្ពុទ្ធ ទ្រង់ គង់នៅ ទីនោះ ចម្ងាយ ត្រឹមតែ ៦ យោជន៍ (៩៦ គីឡូម៉ែត្រ) ទៀត សោះ មិន សម យើង ទាំងឡាយ ស្កុន ដំណើរ មិនបាន ចូល គាល់ បម្រើ ព្រះអង្គ ដូច បំណង ។

លុះដល់ ថ្ងៃ ចេញវស្សា បវារណា ស្រេចហើយ ភិក្ខុ ទាំងអស់ ក៏ នាំគ្នា ប្រញាប់ប្រញាល់ ចូលកាន់ ក្រុងសាវត្ថី ។ លុះដល់ ហើយ ភិក្ខុ ទាំង ៣០ អង្គ ក៏បាន ចូល ទៅ ក្រាបថ្វាយបង្គំ គាល់ ព្រះសម្មាសម្ពុទ្ធ ដោយ មាន ស្បង់ ចីវរ ទទឹក ជោក ។ ព្រះសម្ពុទ្ធ ក៏ មាន ព្រះភាគ ទ្រង់ មាន ព្រះបន្ទូល រួសរាយ រាក់ទាក់ និង ត្រាស់ សួរសុខទុក្ខ ភិក្ខុ ទាំងនោះ ថា “ម្នាល ភិក្ខុ ទាំងឡាយ! តើ សរីរយន្ត របស់ អ្នក ទាំងឡាយ ល្មម អត់ សង្កត់ បាន ឬ ទេ ? ល្មម ប្រព្រឹត្ត ទៅ បាន ឬ ទេ ? តើ អ្នក ទាំងឡាយ មាន សេចក្ដី ព្រមព្រៀង ស្មោះស្មើ ឥតមាន វិវាទ ទាស់ទែង គ្នា ទេ ឬ ?“ ។

ភិក្ខុ ទាំងឡាយ នោះ ក៏ ក្រាបបង្គំទូល នូវ សេចក្ដី លំបាក ខ្លាំង របស់ ខ្លួន ក្នុង ការ ធ្វើដំណើរ ដែល មាន មក តាម ផ្លូវ ដោយ សព្វគ្រប់ ប្រការ ។

លំដាប់នោះ ព្រះសម្មាសម្ពុទ្ធ សម្ដែង នូវ ធម្មកថា ប្រារព្ធ អំពី សង្សារវដ្ដ មិន មាន ទីបំផុត ប្រោស ប្រទាន ដល់ ភិក្ខុ ទាំងនោះ ។ លុះ ចប់ ធម៌ ហើយ ភិក្ខុ ទាំងឡាយ នោះ បាន សម្រេច ព្រះអរហត្ត ផល គ្រប់ៗ អង្គ រួច ហើយ ក៏ នាំគ្នា ក្រាបថ្វាយបង្គំលា ព្រះសម្ពុទ្ធ ចៀសចេញទៅ ។

លំដាប់ តអំពីនោះមក ព្រះសម្ពុទ្ធ ទ្រង់ ព្រះពុទ្ធ ចិន្ដា ថា “ប្រសិនបើ តថាគត បាន អនុញ្ញាត នូវ កឋិនត្ថារកិច្ច ដល់ ភិក្ខុ ទាំងឡាយ ទុក រួចពី គ្រា មុន មក ម៉្លេះ សម ភិក្ខុ ទាំង ៣០ អង្គ នេះ បាន លះ ចីវរ មួយ ទុក នៅ កន្លែង ហើយ យក ជាប់ មក ជាមួយ ខ្លួន តែ ស្បង់ មួយ ប៉ុណ្ណោះ មាន អត្ថិភាព ស្រាល មិន លំបាក តាម ផ្លូវ យ៉ាង នេះ សោះឡើយ ។ រីឯ កឋិនត្ថារកិច្ច នេះ សោត ព្រះពុទ្ធ ទាំងឡាយ គ្រប់ ព្រះអង្គ ក៏ ធ្លាប់ បាន អនុញ្ញាត ទុក ដល់ សាវក ពុំ ដែល លះបង់ ផង“ ។

លុះ ព្រះសម្ពុទ្ធ ទ្រង់ ព្រះតម្រិះ យ៉ាង ដូច្នេះ ហើយ ទើប ទ្រង់ ត្រាស់ ឱ្យ ប្រជុំ ភិក្ខុ ទាំងឡាយ រួចហើយ ទ្រង់ អនុញ្ញាត នូវ កឋិនត្ថារកិច្ច ដល់ ភិក្ខុ ទាំងឡាយ ថា “អនុជានាមិ ភិក្ខវេវស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“ ។ ប្រែថា “ម្នាល ភិក្ខុ ទាំងឡាយ! តថាគត អនុញ្ញាត ឱ្យ ភិក្ខុ ទាំងឡាយ ដែល នៅ ចាំវស្សា រួចហើយ ទទួល ក្រាលគ្រង កឋិន បាន ។ ម្នាល ភិក្ខុ ទាំងឡាយ! អានិសង្ស ៥ ប្រការ នឹង សម្រេច ដល់ ភិក្ខុ ទាំងឡាយ ដែល ជា អ្នក បាន ក្រាលគ្រង និង បាន អនុមោទនា កឋិន រួចហើយ នោះ“ ៕ ប្រភពវីគីភីឌា

Facebook Comments