បើ​អឺរ៉ុប​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ តើ​ចំណេញ​ឬ​ខាត​ខាងណា​?​

366

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ផល​ប៉ះពាល់​យូរអង្វែង និង​ការពង្រីក​វត្តមាន​របស់​មហាអំណាច​ចិន​មក​លើ​កម្ពុជា បើ​អឺរ៉ុប​ឈាន​ដល់​វិធានការ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ។

​ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ជូន​ទៅ​គ​ណៈ​កម្មា​ការ​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម លោកស្រី Cecilia Malmström កាលពី​ថ្ងៃម្សិលមិញ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា EURO CHAM បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ឡើងវិញ​ចំពោះ​វិធានការ​របស់​ខ្លួន ដែល​អាច​ឈាន​ទៅកាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពី​កម្ពុជា។ EURO CHAM ថា ទណ្ឌកម្ម​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​យូរអង្វែង​មក​លើ​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​គោលជំហរ​របស់​អឺរ៉ុប​ក្នុង​ការជំរុញ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ខណៈ​ចិន​កំពុង​ពង្រីក​វត្តមាន​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​ផង​នោះ។

​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​លើកឡើង​ក្នុង​លិខិត​នោះ​ទៀត​ថា សហភាព​អឺរ៉ុប​គួរ​បន្ដ​កិច្ច​សហប្រតិបត្តិ​ការណ៍​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បន្ដ​ទៀត ជាជាង​ការអនុវត្ត​វិធានការ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

​កាលពី​ថ្ងៃទី៥ខែតុលា​កន្លងទៅ គណៈកម្មការ អឺរ៉ុប បាន​ជូនដំណឹង​ដល់​កម្ពុជា​អំពី​ការ​ចាប់ផ្ដើម​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ដោយ​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភសិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ ធ្ងន់ធ្ងរ។ សហភាព​អឺរ៉ុប​លើកឡើង​ថា កម្ពុជា​មិនបាន​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​សិទ្ធិមនុស្ស​របស់​ខ្លួន​ឡើយ បើ​ទោះបីជា​គណៈកម្មការ​ស្វែងរក​ការពិត​របស់​អឺរ៉ុប​បាន​ស្រាវជ្រាវ និង​ផ្តល់​អនុសាសន៍​ឲ្យ​មានការ​កែប្រែ​ក៏ដោយ៕

Facebook Comments