បង្ក្រាប​ល្បែងស៊ីសង​នៅ​ខេត្តកោះកុង​ធ្វើ​បានតែ​អ្នកតូច​តាច អ្នក​ខ្នង​ធំ​សមត្ថកិច្ច​ធ្វើមិនដឹង ហើយ​ធ្វើឲ្យ​ពលរដ្ឋ​រាយ​ការ​

261

ល្បែង​ចាក់​កន្ទុយលេខ ភ្នាល់​បាល់ បៀ អាប៉ោង ជល់មាន់​តាម Online និង​ជល់​សត្វ​មាន់​ពិត កំពុង​កើតមាន​យ៉ាង​សន្ធឹក​តាម​ភូមិ​សង្កាត់​នី​មួយៗ​នៃ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដែល​ទីតាំង​ទាំងនោះ សមត្ថកិច្ច​ហាក់​បង្ក្រាប​រើសមុខ ខណៈ​ទីតាំង​ល្បែង​ធំៗ ជាពិសេស​បនល្បែង​ល្បែង​ជល់មាន់ អាប៉ោង និង​យ៉ូ​គី នៅ​ទីធ្លា​អតីតមណ្ឌលកំសាន្ត​សា​ហ្វា​រី របស់​សេដ្ឋី លី យ៉ុង​ផាត់ បើកឲ្យ​ខ្មែរ​ចូលលេង​ម៉ា​សេរី ដែល​ជ្រក​ក្រោម​ក្លៀក​កាស៊ីណូ គ្មាន​អស់លោក​សមត្ថកិច្ច​ណា​ទៅ​បង្ក្រាបនោះ​ទេ ទោះ​ច្បាប់​ហាមមិនឲ្យ​ខ្មែរ​ចូលលេង​ក៏ដោយ។

ប្រជាពលរដ្ឋ​ឲ្យដឹង​បន្ថែម​ថា ការភ្នាល់​លេងល្បែង​ក្រៅតែ​ពីទី​តាំង​ខាងលើ​របស់​សេដ្ឋី លី យ៉ុង​ផាត់ គឺ​មាន​កន្លែង​ភ្នាល់​តូចៗ​ជាច្រើន​ទៀត​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម​លក់​ភេសជ្ជៈ​នានា ដោយមាន​មនុស្ស​ចូលលេង​ជា​រៀងរាល់ថ្ងៃ គ្មាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ មិនថា​តែ​មន្ត្រីរាជការ អ្នក​រត់​ឌុប និង​យុវជន​ជាដើម។

​ជាក់ស្ដែង​កាលពី​ពេល​ថ្មីៗ​នេះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេម​ភូមិន្ទ បាន​បង្ក្រាប​កន្លែង​ភ្នាល់​របស់​អ្នកស្រី កែវ ធារី អាយុ២៧ឆ្នាំ លក់ដូរ​ភេសជ្ជៈ​នៅ​ភូមិ​ស្ទឹងវែង សង្កាត់​ស្ទឹងវែង ដោយ​សមត្ថកិច្ច​អះអាង​ថា រូប​អ្នកស្រី​នោះ ជា​អ្នក​ផ្តល់​ទីតាំង​បើក​អាជីវកម្ម​ល្បែង​ខុសច្បាប់ តម្រូវឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ឲ្យ​បិទ​អា​ជីវ​កម្ម។ ដែល​សកម្មភាព​នេះ​ត្រូវ​ក្រុម​គ្រួសារ​លោកស្រី​ថា ធ្វើឡើង​មិន​តម្លាភាព​ធ្វើ​រើសមុខ។

លោក តាក ឆៃ​គ្រី ជា​ស្វាមី​អ្នកស្រី កែវ ធារី លើកឡើង​ថា រូបលោក​បាន​បើក​លក់ដូរ​តែ​កាហ្វេ និង​ភេ​សជ្ជៈ​ផ្សេងៗ​ប៉ុណ្ណោះ ភាគច្រើន​អតិថិជន​របស់​លោក គឺ​ចូលចិត្ត​ល្បែង​បក្សី​តាម​ទូរទស្សន៍ ដែល​ល្បែង​នេះ​ទីតាំង​លក់​កាហ្វេ​ដ៏​ទៃ​ទៀត​ក្នុង​ក្រុង​ខេម​ភូមិន្ទ បើក​អាជីវកម្ម​ដំណើរការ​ដូចគ្នា​ដែរ។

លោក តាក ឆៃ​គ្រី សង្កត់ធ្ងន់​ថា សកម្មភាព​បង្ក្រាប និង​បិទ​អាជីវកម្ម​លក់ដូរ​គាត់​ពីសំណាក់​នគរបាល​មិន​អាច​ទទួលយក​បានទេ ព្រោះ​ធ្វើ​គ្មាន​តម្លាភាព​ដោយសារតែ​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ រី​ឯ​ទីតាំង​បម្រើការ​លេង​ល្បែង​ស៊ីសង​តូច​ធំ​ដូចគ្នា​ជាច្រើន​ទៀត ហេ​តុ​អ្វីសមត្ថកិច្ច​មិន​ចុះបង្ក្រាប​ផង​?​
​(សំឡេង លោក តាក ឆៃ​គ្រី……………)​

​ជាមួយនឹង​ករណីនេះ​ដែរ មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ពី​ការ​បែកធ្លាយ​រឿង​កម្លាំង​អធិការ​នគរបាល​ក្រុង បង្ខំ​ម្ចាស់​ម៉ូតូ​បង់ប្រាក់៤០ម៊ឺន​ទៅ៦០ម៊ឺ​នរៀល​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ម៉ូតូ​វិញ ព្រមទាំង​ធ្វើ​កិច្ចសន្យា​អប់រំ។ តែ​កិច្ចសន្យា​លាយ​លាក់​ជា​អក្សរ​ទាំងនោះ សមត្ថកិច្ច​មិនបាន​ចម្លង​ផ្តល់​ជូន​ពួកគាត់​ទេ។

​ទាក់ទង និង​ករណីនេះ​លោក សំ​ឃិ​ត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង​មិន​ជំទាស់​នឹង​ការ​ស្នើ​ឡើង​របស់​ក្រុម​ប្រជាពលរដ្ឋ​ចំពោះ​វិធានការ​ទប់ស្កាត់ និង​ចុះ​បង្ក្រាបវង់ល្បែង​ស៊ីសង នេះ​ឡើយ ហើយ​លោកស្នងការ​នឹង​ចាត់​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​តាមដាន​ពិនិត្យ​ស្រាវជ្រាវ​រាល់​ទីតាំង​មុខសញ្ញា​នី​មួយៗ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ។

លោក​បន្ត​ទៀត​ថា ជា​ការពិត​ណាស់​ទីតាំង​ភូមិ​សាស្ត្រខេត្តកោះកុង មាន​វង់ល្បែង​មួយ​កន្លែងនៅ​តំបន់​កាស៊ីណូ ស្រុក​មណ្ឌលសីមា ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំយាម​អាច​អនុញ្ញាត​ឲ្យ​ជនបរទេស​ចូលលេង​បាន ប្រសិនបើ​ក​វង់ល្បែង​តាម​ហាង ឬ​តាម​ផ្ទះ គឺ​ខុសច្បាប់។ ហើយ​ជំនួសមុខ​លោក ហេង លាង អធិការ​នគរបាល​ក្រុង​ខេមរភូមិន្ទ លោកស្នងការ​នគរបាល​ខេត្តកោះកុង បដិសេធ​ថា មន្ត្រីនគរបាល​របស់​លោក​ពុំ​បាន​ជំរិត​ទាម​ប្រាក់​ពី​ពលរដ្ឋ​ម្ចាស់​ម៉ូតូ ជា​ថ្នូរ​នឹង​ការ​ប្រគល់​ម៉ូតូ​វិញ​ដូច​ការចោទប្រកាន់​ពី​ពលរដ្ឋ​នោះ​ទេ។ ពីព្រោះ​គោលការណ៍​មិន​ឲ្យ​មានអំពើ​យ៉ាង​ដូច្នេះ​កើតមាន​ទេ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ត្រឡប់ទៅ​ផ្ទះ​វិញ។ ពោល គឺ​មនោសញ្ចេតនា​ស្មោះ​ចិត្ត​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។

ទោះ​យ៉ាងនេះ​ក្ដី​ពលរដ្ឋ​ថា ការ​លើកឡើង​ពីសំណាក់​លោកស្នងការ គ្រាន់តែ​និយាយ​យករួចខ្លួន​ប៉ុណ្ណោះ បើ​ធ្វើការ​ពិតមែន ទីតាំង​ល្បែង​ទាំងអស់​នឹង​បង្ក្រាបហើយ​ដូចជា​ទីតាំង​កាស៊ីណូ​សេដ្ឋី លី យ៉ុង​ផាត់ បើកឲ្យ​ខ្មែរ​ចូលលេង​ម៉ា​សេរី ជាពិសេស​ទីតាំង​ជល់មាន់ អាប៉ោង យ៉ូ​គី នៅ​អតីត​ទីធ្លា​មណ្ឌល​កំសាន្តសាហ្វា​រី ដែល​ជ្រក​ក្រោម​ក្លៀក​កាស៊ីណូ​នោះ។

ពលរដ្ឋ​ថា ពួកគាត់​សាទរ​ចំពោះ​ចំណាត់ការ​សមត្ថកិច្ច ប្រសិនបើ​ធ្វើឡើង​ដោយ​ស្មោះត្រង់ តម្លាភាព និង​ប្រកបដោយ​វិជ្ជាជីវៈ។ តែបើ​សកម្មភាព​ណា​ដែល​ធ្វើឡើង ដើម្បី​ប្រយោជន៍​ភាគី​ណាមួយ​នោះ គឺ​លាក់​មិន​ជិត​ទេ ព្រោះ​ម្នា​ក់ៗ​ដែល​ពាក់ព័ន្ធ និង​ល្បែងស៊ីសង​នេះ សុទ្ធតែ​ដឹង​ទឹស និង​ខ្យល់បក់​ហើយ។ អ៊ីចឹង​ទេ​ពួកគាត់​រំពឹង​ថា ប្រតិបត្តិ​ការ​នេះ​នឹង​មាន​ភាព​វិជ្ជមាន​ជួយ​ដល់​សង្គមជាតិ ក្នុង​ការ​រក្សា​បាន​នូវ សន្តិសុខ សណ្តាប់​ធ្នាប់ និង​ការគោរព​ច្បាប់។

ពលរដ្ឋ​សុំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ពង្រឹង​នូវ​តួនាទី របស់​ខ្លួន​ឲ្យបាន​ជាប់ជួន ម៉ឺងមាត់ ទំនួល​ខុសត្រូវ​ដើម្បី​សុខ​សុវត្ថិភាព សន្តិសុខ គ្មាន​អំពើ​ហិង្សា ចោរកម្ម តាម​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព របស់​រដ្ឋាភិបាល កុំ​បាន​កន្ទេល​ធំ​បន្លំ​ដេក៕

Facebook Comments