នាយរងសេនាធិការល្បីឡើងស័ក្កិលឿន លោក អ៊ុង ឬទ្ធី កំពុងវ័ណ្ដករឿងឆ្នោតយួននៅខេត្តកំពង់ស្ពឺ

744

​លោក អ៊ុង ឬទ្ធី នាយសេនាធិការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងបក្សពួកដែលតែងតែខំស្រែកក្ដែងៗលាងខ្លួនថាឈប់រកស៊ីឆ្នោតយួនហើយនោះ ឥលូវបែកធ្លាយតំណឹងមកថា ជាប់ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងខុសច្បាប់(ឆ្នោតយួន)។

ការបែកធ្លាយនេះបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកូនកញ្ជ្រែងកត់ឆ្នោតយួន​ខុសច្បាប់​នៅ​ក្រុង​ច្បារមន ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ហើយបានឆ្លើយថាជាប់ពាក់ព័ន្ធនឹងលោក អ៊ុង ឫទ្ធី នាយរង​សេនាធិការ​កងរាជអាវុធ​ហត្ថ​ខេត្តកំពង់ស្ពឺ​និង​មនុស្ស​មួយចំនួនទៀត ។  ខណៈ​កំពុងតែ​មានការ​អន្តរាគមន៍​ពី​មនុស្ស​មួយចំនួន ដើម្បី​ឱ្យ​សមត្ថកិច្ច​បញ្ចប់​សំណុំ​រឿងនេះ ។

​នៅក្នុងនោះតុលាការបានអនុវត្តន៍នីតិវិធី​ស៊ើបសួរ​លើ​លោក អ៊ុង ឫទ្ធី និង​មនុស្ស​ចំនួន​បួន​នាក់ ផ្សេងទៀត​ពាក់ព័ន្ធ​ករណី​បើក​កន្លែង​ល្បែងស៊ីសង​ខុសច្បាប់ និង​សមគំនិត​ក្នុង​អំពើ​បើក​ល្បែងស៊ីសង និង​បានឃុំខ្លួន​បណ្តោះ​អាសន្ន​ពីរនាក់ប្ដីប្រពន្ធដែលមាន​ឈ្មោះ លឹម សុភាព និង​ឈ្មោះ ញឹ​ល ស្រឹម​ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ រីឯបីនាក់ទៀតនៅក្រៅឃុំនៅឡើយ ។ 

អ្នក​ទាំង​ពីរប្ដីប្រពន្ធខាងលើបាន​សារភាពថា ខ្លួន​កត់​កន្ទុយលេខ​វៀតណាម​ បញ្ជូន​តាម​ប្រព័ន្ធបណ្ដាញសង្គម ​(line) ទៅ​ឱ្យ​ប្រពន្ធ​របស់លោក អ៊ុង ឫទ្ធី និង​ឈ្មោះ អ៊ុង ដាលីន​ ជាកូនស្រីលោក ។

ទាក់ទងករណីនេះ លោក អ៊ូ ផាត ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដែលកាន់សំណុំរឿងបានអោយដឹងនៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះថា ផុតដៃលោកហើយបច្ចុប្បន្ននៅលើដៃលោក អិន សុវណ្ណារ័ត្ន ក្រឡាបញ្ជី ។ 

លោក អ៊ុង ឫទ្ធី នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ យើងមិនទាន់អាចសុំការបំភ្លឺបាននៅឡើយដោយអ្នកព័ត៌មានខលចូល លោកថារវល់ ។

គួររំលឹកថា  លោក អ៊ូ ផាត ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានសម្រេច​ឱ្យ​បើក​ការ​ស៊ើបសួរ​​អង្គហេតុ​ខាងលើដោយ​ដាក់ឈ្មោះ ញឹ​ល ស្រឹម ឈ្មោះ លឹម សុភាព ឈ្មោះ ប៉ិន សុធា​រី ឈ្មោះ អ៊ុង ដាលីន និង​ឈ្មោះ អ៊ុង ឫទ្ធី ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​ដាក់​ឱ្យ​ស្ថិតក្រោម​ការឃុំខ្លួន​បណ្តោះ​អាសន្ន ហើយបច្ចុប្បន្នដំណុំរឿងនេះនៅដៃព្រះរាជអាជ្ញាធំជាអ្នកកាន់ក្ដី ៕

Facebook Comments