ដេញ​ពី​ផ្ទះ​បណ្តែត​ទឹក មក​រស់នៅ​លើគោក​ចំ​ដី​លេច​ទឹក​ទៀត ខណៈ​អាជ្ញាធរ​គេចវេស​មិន​ឆ្លើយ​ការ​ទទូច​សុំ​

574

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ​បាន​ធ្វើ​សំណើ​ពីរ​ចំណុច​ទៅកាន់​មន្រ្តី​អាជ្ញាធរ និង​ន្ត្រី​ដែល​ពាក់ព័ន្ធ ដើម្បី​ជួយ​ដោះស្រាយ​ជាបន្ទាន់ ករ​ណី​រឿង​បំ​លាស់​ទី​ពី​ផ្ទះ​បណ្តែត​ទឹក នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ធ្វើឡើង​ក្នុង​វេ​ទិ​ការ​សាធារណៈ​មួយ​ដែល​បា​នប្រារ​ព្វ​ធ្វើ​នៅ​ឯសាលា​ស្រុក​បរិបូរណ៍ កាលពី​ព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ ដោយ​សុំ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ជួយ​រៀបចំ​ទីកន្លែង​ថ្មី​ដែល​ពួកគាត់​ត្រូវ​ទៅ​រស់នៅ​ឱ្យ​បាន​ត្រឹមត្រូវ​ជាពិសេស​ប្រព័ន្ធ​ទឹក​ស្អាត ភ្លើងអគ្គិសនី និង​ផ្លូវ។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា អាជ្ញាធរ​ដេញ​ពួកគាត់​ចេញពី​ក្នុងទឹក ប៉ុន្តែ​ឱ្យ​គាត់​មក​រស់នៅ​លើ​ដីលិចទឹក​ដដែល (ដី​តំបន់២ ដី​តំបន់៣) មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ឡើយ។ រី​ឯ​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​រស់នៅ​តំបន់​ខាងលើ បាន​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ផង​ដែរ​ឱ្យ​ជួយ​មាន​វិធានការ ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ធ្វើ​បំ​លាស់​ទី​មក​រស់នៅ​លើ​ដី​របស់​គាត់ អាស្រ័យផល​ជា​រៀងរាល់​ឆ្នាំ (ខែវស្សា​ទឹក​លិច​ខែប្រាំង​ទឹកស្រក​អស់​ដាំដំណាំ)។

នៅក្នុង​វេ​ទិ​ការ​នេះ​លោ​ក​ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរណ៍​បាន​មានប្រសាសន៍​ថា ដី​នេះ​ស្ថិត​ក្នុង​តំបន់២ និង​តំបន់៣ តាមច្បាប់​មិន​អាច​ផ្តល់​ជា​កម្មសិទ្ធិ​បានទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​អាស្រ័យផល​បាន។ ហើយ​ដី​ទាំងនេះ​មួយចំនួន​ប្រជាពលរដ្ឋ​បាន​អាស្រ័យផល​យូរឆ្នាំ ហើយនិង​មួយចំនួន​ទៀត​ប្រជាពលរដ្ឋ ទើបតែ​ធ្វើការ​ឈូស​ឆាយ​កាលពី​ប្រាំ​មិញ​ទេ។ ពោល គឺ​ពាក់ព័ន្ធ​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខាងលើ លោក​អភិបាលស្រុក​មិន​មាន​ដំណោះស្រាយ​ឡើយ។ លោ​ក​ហុី ណាត អភិបាលរងខេត្ត​កំពង់ឆ្នាំង និង​លោកស្រី​ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​វេ​ទិ​ការ​នេះ ក៏​មិនបាន​ឆ្លើយតប​ទៅ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ដែរ ដោយ​លោក​អភិបាលរងខេត្ត និង​លោកស្រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និយាយ​ពង្វាង​ទៅ​រឿង​ផ្សេង។

​យោង​តាម​ផែនការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង កាល​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ អ្នក​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​ធ្វើ​បំ​លាស់​ទី​ឡើង​មក​រស់នៅ​លើគោក​វិញ។ កា​រធ្វើ​បំ​លាស់​ទី​ផ្ទះទឹក​ឡើងគោក​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ធ្វើការ​ជូនដំណឹង និង​ចាប់​អនុវត្ត​តាំងពី​ឆ្នាំ២០១៥ មក​ម្លេះ គិត​មកដល់ពេលនេះ​នៅ​មិនទាន់​បានសម្រេច​តាម​ផែនការ​នៅឡើយ​ទេ។

​សូម​បញ្ជាក់​ថា​មាន​ប្រជាពលរដ្ឋ​ចំនួន២.៣៩៧គ្រួសារ​កំពុង​រស់នៅ​តាម​ដងទន្លេ​សាប ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង។ ដូចជា​នៅ​តំបន់​ចុង​កោះ​ស្ថិត​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង តំបន់​ឆ្នុកទ្រូ ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៌ និង​មាននៅ​តាម​តំបន់​ផ្សេងៗ​មួយចំនួន​ទៀតផង​ដែរ ក្នុង​នោះ​គេ​សង្កេតឃើញ​មាន​ជនជាតិ​វៀតណាម​ច្រើនជាង​គេ​ផង​ដែរ៕

Facebook Comments