ឈ្មួញឈើ ណុប ឌី នឹងមន្ត្រីបរិស្ថាន ឃុបឃិតគ្នាដាក់ម៉ាស៊ីនជាង១០គ្រឿងនៅលើភ្នំនឹងកាងកាប់ព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

745

ពោធិសាត់+កំពង់ស្ពឺ=សេចក្ដីរាយការមកថា លោក ណុប ឌី នឹងលោក ប្រាក់ អ៉ីឡេង ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់ពោធិសាត់ កំពុងចាប់ដៃគ្នារកស៊ីឈើល្មើសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់ពោធិសាត់ ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធជាពិសេសអ្នកតាធំប្រចាំខេត្ត។

សេចក្ដីរាយការបានបន្តថា លោក ណុប ឌី ជាអ្នកកាងព្រៃ ដោយអោយឈ្មួញតូចៗដាក់ម៉ាស៊ីនអារឈើជាង១០គ្រឿងនៅលើភ្នំ (ចំនុចច្រេះ) នឹងប្រមូលប្រាក់ពីម្ចាស់ម៉ាស៊ីន១គ្រឿង២ពាន់ដុល្លារ១ខែ។សម្រាប់ពលរដ្ឋអ្នកកាប់ឈើបានហើយបើមិនលក់អោយលោកឌីក្នុងតម្លៃថោកជាងឈ្មួញដទៃទេ គឺលោកឌីអោយលោកប្រាក់ អ៉ីឡេង ជាបក្សពួកខ្លួនចាប់អនុវត្តន៍ច្បាប់ឬក៏បិទច្រកអូរត្រាវមិនអោយដឹកឈើចេញមកទឹកដីស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនោះទេ ដែលនាំអោយពលរដ្ឋក្ដៅក្រហាយជេរប្រទេចដាក់បណ្ដាសានូវពាក្យអាក្រក់ៗជាដើម ។ សព្វថ្ងៃក្រៅតែពីកាងលោកឌីក៏រកស៊ីជាមួយលោកឧកញ៉ា តាំង អៀង ប្រមូលប្រាក់ពីបទល្មើសព្រៃឈើចែកទៅអោយជំនាញនឹងអាជ្ញាធរជាន់ខ្ពស់ក្នុងខេត្តពោធិសាត់ទើបក្រុមនេះមិនត្រូវបានអស់លោកសមត្ថកិច្ច និងមន្ត្រីជំនាញ ពិសេសគណៈបញ្ជាការឯកភាពខេត្ត ចាត់វិធានការបង្ក្រាបឡើយ។

ក្នុងនោះគេដឹងថា លោកឧកញ៉ាតាំង អៀង ជាម្ចាស់ភាគហ៊ុនធំជាងលោកណុប ឌី ដែលពួកគេជ្រកក្រោមដំបូលក្រុមហ៊ុនMDS តែការកាប់នឹងដឹកជញ្ជូនឈើពីខាងក្រៅក្រុមហ៊ុន ពោលគឺកាប់ចេញពីព្រៃអភិរក្ស មកចូលក្រុមហ៊ុន ក្រោមរូបភាពបំភ័ន្តភ្នែក ស្របពេលដែលអ្នកឃុតឃិតធ្វើមិនដឹងមិនឃើញនឹងមើលផ្លូវអោយម៉ាអេម។ ដូចជារូបភាពវីឌីអូរថយន្តអារ៉េលាន់សម្លេងឡើងទ្រហឹងដឹកឈើប្រណិតចេញពីក្នុងដែនអភិរក្សចំនុចស្នាក់ការអំពិល(ស្នាក់ការរងទី១)នឹងឆ្លងកាត់ភូមិនិមល ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ បានយ៉ាងរលូនគ្មានការរំខាន។ 

ទាក់ទងករណីនេះដែរ កន្លងទៅថ្មីៗនេះក្រុមអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋដឹកនាំដោយលោក ជា ហ៊ាន ធ្វើការផ្នែកបរិស្ថានត្រូវបានក្រុមឧទ្យានុរក្សដែលជាបក្សពួករបស់ឈ្មួញខាងលើ ធ្វើការឃាត់ខ្លួននិងដកទូរសព្ទមួយយប់ទើបដោះលែងវិញ បន្ទាប់ពីមន្ត្រីអង្គការទាំងនោះចូលទៅឃើញសកម្មភាពបំផ្លាញព្រៃឈើរបស់បក្សពួកគេ ។ ហើយការឃាត់ខ្លួននេះដែរត្រូវមន្ត្រីឧទ្យាននុរក្សថា ធ្វើតាមបញ្ជាពីលោកអភិបាលខេត្ត ម៉ៅ ធនិន។

ចំណែកលោក ណុប ឌី មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយទេ ដោយទូរសព្ទខលមិនចូល។ 

គួររំលឹកថា ព្រៃអភិរក្សដែលនៅសេសសល់នេះកំពុងរងការវិនាសកាន់តែធ្ងន់ធ្ងរ ប្រសិនបើគ្មានវិធានការពិតប្រាកដពីអ្នកដែលពាក់ព័ន្ធ ជាពិសេសអ្នកទទួលខុសត្រូវខ្ពស់នៅក្នុងខេត្តពោធិសាត់នឹងក្រុមបង្ក្រាបថ្នាក់ជាតិ៕

Facebook Comments