ជល់មាន់​ ​អាប៉ោង​ ​យូគី​ ​ក្នុង​ដី​សេដ្ឋីពហុជំនាញ ​លី​ ​យ៉ុង​ផាត់​ ​បើក​ឱ្យ​ខ្មែរ​ចូលលេង​ម៉ា​សេរី​ ​សមត្ថកិច្ច​ធ្វើ​ហី​ ​ហ៊ាន​តែ​អា​ចក់​អា​ចែម​

945

​ល្បែង​ចាក់​កន្ទុយលេខ​ ​ភ្នាល់​បាល់​ ​បៀ​ ​អាប៉ោង​ ​ជល់មាន់​តាម​ ​Online​ ​និង​ជល់​សត្វ​មាន់​ពិត​កំពុង​កើតមាន​យ៉ាង​សន្ធឹក​តាម​ភូមិ​សង្កាត់​នី​មួយ​ៗ​នៃ​ក្រុង​ខេមរភូមិន្ទ​ ​ខេត្តកោះកុង​ ​ដែល​ទីតាំង​ទាំងនោះ​ ​សមត្ថកិច្ច​ហាក់​បង្ក្រាប​រើសមុខ​ ​ខណៈ​ទីតាំង​ល្បែង​ធំៗ​ ​ជាពិសេស​បនល្បែង​ល្បែង​ជល់មាន់​ ​អាប៉ោង​ ​និង​យ៉ូ​គី​ ​នៅ​ទីធ្លា​សួនសត្វ​សា​ហ្វា​រី​ ​របស់​សេដ្ឋី​ ​លី​ ​យ៉ុង​ផាត់​ ​បើក​ឱ្យ​ខ្មែរ​ចូលលេង​ម៉ា​សេរី​ ​ដែល​ជ្រក​ក្រោម​ក្លៀក​កាស៊ីណូ​ ​គ្មាន​អស់លោក​សមត្ថកិច្ច​ណា​ទៅ​បង្ក្រាប​នោះ​ទេ​ ​ទោះ​ច្បាប់​ហាម​មិន​ឱ្យ​ខ្មែរ​ចូលលេង​ក៏ដោយ​។​

​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​បន្ថែម​ថា​ ​ការភ្នាល់​លេងល្បែង​ក្រៅតែ​ពីទី​តាំង​ខាងលើ​របស់​សេដ្ឋី​ ​លី​ ​យ៉ុង​ផាត់​ ​គឺ​មាន​កន្លែង​ភ្នាល់​តូច​ៗ​ជាច្រើន​ទៀត​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម​លក់​ភេសជ្ជៈ​នានា​ ​ដោយមាន​មនុស្ស​ចូលលេង​ជា​រៀងរាល់ថ្ងៃ​ ​គ្មាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ​ ​មិនថា​តែ​មន្រ្តី​រាជការ​ ​អ្នក​រត់​ឌុប​ ​និង​យុវជន​ជាដើម​។​

​ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេម​ភូមិន្ទ​ ​បាន​បង្រ្កាប​កន្លែង​ភ្នាល់​របស់​អ្នកស្រី​ ​កែវ​ ​ធារី​ ​អាយុ២៧ឆ្នាំ​ ​លក់ដូរ​ភេសជ្ជៈ​នៅ​ភូមិ​ស្ទឹងវែង​ ​សង្កាត់​ស្ទឹងវែង​ ​ដោយ​សមត្ថកិច្ច​អះអាង​ថា​ ​រូប​អ្នកស្រី​នោះ​ ​ជា​អ្នក​ផ្តល់​ទីតាំង​បើក​អាជីវកម្ម​ល្បែង​ខុសច្បាប់​ ​តម្រូវឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ឲ្យ​បិទ​អា​ជី​កម្ម​។​ ​ដែល​សកម្មភាព​នេះ​ត្រូវ​ក្រុម​គ្រួសារ​លោកស្រី​ថា​ ​ធ្វើឡើង​មិន​តម្លាភាព​ធ្វើ​រើសមុខ​។​

​​លោក​ ​តាក​ ​ឆៃ​គ្រី​ ​ជា​ស្វាមី​អ្នកស្រី​ ​កែវ​ ​ធារី​ ​លើកឡើង​ថា​ ​រូបលោក​បាន​បើក​លក់ដូរ​តែ​កាហ្វេ​ ​និង​ភេ​សជ្ជៈ​ផ្សេង​ៗ​ប៉ុណ្ណោះ​ ​ភាគច្រើន​អតិថិជន​របស់​លោក​ ​គឺ​ចូលចិត្ត​ល្បែង​បក្សី​តាម​ទូរទស្សន៍​ ​ដែល​ល្បែង​នេះ​ទីតាំង​លក់​កាហ្វេ​ដ៏​ទៃ​ទៀត​ក្នុង​ក្រុង​ខេម​ភូមិន្ទ​ ​បើក​អាជីវកម្ម​ដំណើរការ​ដូចគ្នា​ដែរ​។​ ​

​លោក​ ​តាក​ ​ឆៃ​គ្រី​ ​សង្កត់ធ្ងន់​ថា​ ​សកម្មភាព​បង្រ្កាប​ ​និង​បិទ​អាជីវកម្ម​លក់ដូរ​គាត់​ពីសំណាក់​នគរបាល​មិន​អាច​ទទួលយក​បានទេ​ ​ព្រោះ​ធ្វើ​គ្មាន​តម្លាភាព​ ​ដោយសារតែ​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ ​រី​ឯ​ទីតាំង​បម្រើការ​លេងល្បែង​ស៊ីសង​តូច​ធំ​ដូចគ្នា​ជាច្រើន​ទៀត​ ​ហេ​តុ​អី្វ​សមត្ថកិច្ច​មិន​ចុះ​បង្រ្កាប​ផង​?​

(​សំដី ​លោក​ ​តាក​ ​ឆៃ​គ្រី​.​.​.​.​.​.​.​.​.​.​.​.​.​.​.​)​ ​

​ជាមួយនឹង​ករណីនេះ​ដែរ​ ​មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ពី​ការ​បែកធ្លាយ​រឿង​កម្លាំង​អធិការ​នគរបាល​ក្រុង​ ​បង្ខំ​ម្ចាស់​ម៉ូតូ​បង់ប្រាក់៤០ម៉ឺន​ទៅ៦០ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ម៉ូតូ​វិញ​ ​ព្រមទាំង​ធ្វើ​កិច្ចសន្យា​អប់រំ​។​ ​តែ​កិច្ចសន្យា​លាយ​លាក់​ជា​អក្សរ​ទាំងនោះ​ ​សមត្ថកិច្ច​មិនបាន​ចម្លង​ផ្តល់​ជូន​ពួកគាត់​ទេ​។​ ​

ទាក់ទង​នឹង​ករណីនេះ​លោក​សំ​ឃិ​ត​ ​វៀន​ ​ស្នងការ​នគរបាល​ខេត្តកោះកុង​ ​មិន​ជំទាស់​នឹង​ការ​ស្នើ​ឡើង​របស់​ក្រុម​ប្រជាពលរដ្ឋ​ចំពោះ​វិធានការ​ទប់ស្កាត់​ ​និង​ចុះ​បង្រ្កាប​វង់ល្បែង​ស៊ីសង​ ​នេះ​ឡើយ​ ​ហើយ​លោកស្នងការ​នឹង​ចាត់​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​តាមដាន​ពិនិត្យ​ស្រាវជ្រាវ​រាល់​ទីតាំង​មុខសញ្ញា​នី​មួយ​ៗ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ​។​ ​

លោក​បន្ត​ទៀត​ថា​ ​ជា​ការពិត​ណាស់​ទីតាំង​ភូមិ​សាស្រ្ត​ខេត្តកោះកុង​ ​មាន​វង់ល្បែង​មួយ​កន្លែងនៅ​តំបន់​កាស៊ីណូ​ ​ស្រុក​មណ្ឌលសីមា​ ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំយាម​អាច​អនុញ្ញាត​ឱ្យ​ជនបរទេស​ចូលលេង​បាន​ ​ប្រសិនបើ​ក​វង់ល្បែង​តាម​ហាង​ ​ឬ​តាម​ផ្ទះ​ ​គឺ​ខុសច្បាប់​។​ ​ហើយ​ជំនួសមុខ​លោក​ ​ហេង​ ​លាង​ ​អធិការ​នគរបាល​ក្រុង​ខេមរភូមិន្ទ​ ​លោកស្នងការ​នគរបាល​ខេត្តកោះកុង​ ​បដិសេធ​ថា​ ​មន្រ្តី​នគរបាល​របស់​លោក​ពុំ​បាន​ជំរិត​ទាម​ប្រាក់​ពី​ពលរដ្ឋ​ម្ចាស់​ម៉ូតូ​ ​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ម៉ូតូ​វិញ​ដូច​ការចោទប្រកាន់​ពី​ពលរដ្ឋ​នោះ​ទេ​។​ ​ពីព្រោះ​គោលការណ៍​មិន​ឱ្យ​មានអំពើ​យ៉ាង​ដូច្នេះ​កើតមាន​ទេ​ ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ត្រឡប់ទៅ​ផ្ទះ​វិញ​។​ ​ពោល​គឺ​មនោសញ្ចេតនា​ស្មោះ​ចិត្ត​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​។​ ​

ទោះ​យ៉ាងនេះ​ក្ដី​ពលរដ្ឋ​ថា​ ​ការ​លើកឡើង​ពីសំណាក់​លោកស្នងការ​ ​គ្រាន់តែ​និយាយ​យករួចខ្លួន​ប៉ុណ្ណោះ​ ​បើ​ធ្វើការ​ពិតមែន​ ​ទីតាំង​ល្បែង​ទាំងអស់​គឺ​នឹង​បង្ក្រាប​ហើយ​ ​ដូចជា​ទីតាំង​កាស៊ីណូ​សេដ្ឋី​ ​លី​ ​យ៉ុង​ផាត់​ ​បើក​ឱ្យ​ខ្មែរ​ចូលលេង​ម៉ា​សេរី​ ​ជាពិសេស​ទីតាំង​ជល់មាន់​ ​អាប៉ោង​ ​យ៉ូ​គី​ ​នៅ​អតីត​ទីធ្លា​មណ្ឌល​កម្សាន្ដ​សា​ហ្វា​រី​ ​ដែល​ជ្រក​ក្រោម​ក្លៀក​កាស៊ីណូ​នោះ។ ​

ពលរដ្ឋ​ថា​ ​ពួកគាត់​សាទរ​ចំពោះ​ចំណាត់ការ​សមត្ថកិច្ច​ប្រសិនបើ​ធ្វើឡើង​ដោយ​ស្មោះត្រង់​ ​តម្លាភាព​ ​និង​ប្រកបដោយ​វិជ្ជាជីវៈ​។​ ​តែបើ​សកម្មភាព​ណា​ដែល​ធ្វើឡើង​ ​ដើម្បី​ប្រយោជន៍​ភាគី​ណាមួយ​នោះ​ ​គឺ​លាក់​មិន​ជិត​ទេ​ ​ព្រោះ​ម្នា​ក់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​នេះ​ ​សុទ្ធតែ​ដឹង​ទឹស​ ​និង​ខ្យល់បក់​ហើយ​។​ ​អ៊ីចឹង​ទេ​ពួកគាត់​រំពឹង​ថា​ ​ប្រតិបត្តិ​ការ​នេះ​នឹង​មាន​ភាព​វិជ្ជមាន​ជួយ​ដល់​សង្គមជាតិ​ ​ក្នុង​ការ​រក្សា​បាន​នូវ​ ​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​ ​និង​ការគោរព​ច្បាប់​។​ ​

ពលរដ្ឋ​សុំ​ឱ្យ​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​ ​ពង្រឹង​នូវ​តួនាទី​ ​របស់​ខ្លួន​ឱ្យ​បាន​ជាប់ជួន​ ​ម៉ឺងមាត់​ ​ទំនួល​ខុសត្រូវ​ ​ដើម្បី​សុខ​សុវត្ថិភាព​ ​សន្តិសុខ​ ​គ្មាន​អំពើ​ហិង្សា​ចោរកម្ម​ ​តាម​គោលនយោបាយ​ ​ភូមិ​ ​ឃុំ​ ​មាន​សុវត្ថិភាព​ ​របស់​រដ្ឋាភិបាល​ ​កុំ​បាន​កន្ទេល​ធំ​បន្លំ​ដេក​៕​

Facebook Comments