ចំនុចអូរត្រាវជាច្រកលួចចរាចរណ៍ឈើធំប្រចាំខេត្តពោធិសាត់និងកំពង់ស្ពឺ ខណៈជំនាញនិងសមត្ថកិច្ចឈរជើងនៅទីនោះសហការរីករាយ

397


អូរត្រាវជាចំនុចព្រំប្រទល់រវាងខេត្តកំពង់ស្ពឺនិងខេត្តពោធិសាត់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺជាកន្លែងដឹកជញ្ជូនឈើទ្រង់ទ្រាយធំចេញមកពីទឹកដីខេត្តពោធិសាត់ចូលមកទឹកដីខេត្តកំពង់ស្ពឺ។

សេចក្ដីរាយការបានអោយដឹងថា ច្រកអូរត្រាវនេះមានជំនាញនិងសមត្ថកិច្ចជាច្រើនអង្គភាពបានមកឈរជើងចាំយកលុយពីអ្នកដឹកឈើឆ្លងកាត់ប្រៀបបាននឹងកុងត្រូលជជុះ តែមិនទាន់ឃើញថ្នាក់ដឹកនាំខេត្តពោធិសាត់ពិសេសខេត្តកំពង់ស្ពឺដែលជាខេត្តឆ្លងកាត់ឈើល្មើសច្បាប់ចាត់វិធានការលើសកម្មភាពនោះឡើយ។

ទាក់ទងសកម្មភាពនេះឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មិនទាន់មានការបញ្ជាក់នៅឡើយថា នឹងមានវិធានការយ៉ាងណាចំពោះសកម្មភាពដែលកើតមានឡើងដុះស្លែមកហើយនៅចំនុចអូរត្រាវនេះ តបតាមសំនួរដែលក្រុមការងារយើងបានដាក់ជូន។ ប៉ុន្តែសំនួរដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើរបស់មេឈ្មួញឈ្មោះណុប ឌី កាលពីពេលថ្មីៗនេះឯកឧត្ដមតបថា បើដឹងច្បាស់មុននឹងចាប់ទាំងរថយន្ត ឈើ និងមនុស្សដែលជាក្រុមបំផ្លាញឈើទាំងនេះ ដោយមិនអោយរួចខ្លួន សំខាន់យើងមានបណ្ដាញដឹងបានមុននិងលឿន។

ចំណែកលោក តាំង ចាន់សែម៉ា នាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ មិនទាន់សូមការបញ្ជាក់បាននៅឡើយ ព្រោះខលចូលទូរសព្ទលោកហើយគ្មានអ្នកទទួល។

ទោះយ៉ាងនេះក្ដីពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានជំនាញគជើងគ្នារាប់តាំងពីក្នុងព្រៃដែលមានស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពិសេសមានកម្លាំងចម្រុះនៅច្រកអូរត្រាវ និងស្នាក់ការជំនាញរដ្ឋបាលព្រៃឈើហូហែនៅលើផ្លូវជាតិលេខ៤៤ដែលជាកន្លែងចរាចរណ៍ឈើល្មើសច្បាប់ឆ្លងកាត់ តែបែជាឈ្មួញណុប ឌី ដឹកចេញបានយ៉ាងរលូន។

គួររំលឹកថា មួយឆ្នាំចុងក្រោយនេះមេឈ្មួញឈើឈ្មោះណុប ឌី បានចាកចេញពីទឹកដីស្រុកឱរ៉ាល់ ទៅពង្រីកមុខជំនួញឈើល្មើសច្បាប់ទ្រង់ទ្រាយធំនៅទឹកដីខេត្តពោធិសាត់ ហើយបន្ថយសកម្មភាពនៅក្នុងស្រុកឱរ៉ាល់។តែក្នុងខែមិនា ឆ្នាំ២០១៩នេះត្រូវបានត្រឡប់មកវិញ ដោយបង្កើនក្រុមរបស់ខ្លួនកាប់ និងដាក់ម៉ាស៊ីនអារនៅលើខ្នងភ្នំច្រេះ និងដឹកជញ្ជូនឈើទ្រង់ទ្រាយធំចូលមកស្រុកឱរ៉ាល់វិញ មុននិងដឹកបន្តទៅខេត្តតាកែវចូលទៅប្រទេសវៀតណាម។ដោយគេផ្ដើមដំបូងដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់ពោធិសាត់ ក្រោមការមើលខុសត្រូវពីលោក ប្រាក់ អ៊ីឡេង ប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់ពោធិសាត់។

ដោយឡែកលោក ជា ហ៊ាន ប្រធានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយហៅកាត់ថា ACNCIPO ជាដៃគូសហការចុះMOUជាមួយក្រសួងបរិស្ថានធ្វើការងារទៅលើកិច្ចការពារធនធានព្រៃឈើនៅតំបន់រងការទន្ទ្រានខាងលើបានអោយដឹងថា បន្ទាប់ពីក្រុមការងាររបស់លោកចុះអង្គេតឃើញថា ចរាចរណ៍បទល្មើសព្រៃឈើត្រូវបានដឹកជញ្ជូនឆ្លងកាត់យ៉ាងគគ្រឹកគគ្រេងនៅចំនុចច្រកអូរត្រាវ ក្រៅពីនោះក៏មានតូចៗផ្សេងទៀតដូចច្រកសំរោង ច្រកស្នាក់ការរងស្រែកិន ច្រកស្នាក់ការរងខ្សាល់ ស្នាក់ការរងជាំ។ហើយបើគ្មានការឃុបឃិតអោយបើកច្រកនេះទេ សកម្មភាពដឹកឈើរបស់ឈ្មួញពីខេត្តពោធិសាត់ចូលមកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏នឹងកាត់បន្ថយច្រើនដែរ ហេតុដូចនេះហើយទើបលោកបានធ្វើលិខិតមួយច្បាប់ដាក់ជូនសម្ដេចក្រឡាហោម ស ខេង សុំអន្តរាគមន៍អោយបិទច្រកចេញឈើ ដើម្បីទប់ស្កាត់សកម្មភាពបទល្មើសដែលកំពុងកើតឡើងខាងលើ។ ក្រៅពីនោះលោកក៏បានដាក់លិខិតមួយច្បាប់ទៅមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺផងដែរ តែខាងមន្ទីរមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយ៕

Facebook Comments