ចាប់បាន​ហើយ​ជន​សម្លាប់​មនុស្ស​ច្រក​កា​រ៉ុង​ទម្លាក់​ក្នុង​អណ្ដូង បន្ទាប់ពី​គេចខ្លួន​ជិត​កន្លះ​ឆ្នាំ​

75

រតនគិរី៖ កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម សម្លាប់​មនុស្ស​ច្រក​កា​រ៉ុង​ទម្លាក់​ក្នុង​អណ្តូង​ទឹក កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅ​ចំណុច​ចម្ការ​ចន្ទី​រ ភូមិ​តា​កាប់ ឃុំ​តាអង ស្រុក​កូនមុំ ខេត្ត​រតនគីរី។ ជនសង្ស័យ​ខាងលើ​មានឈ្មោះ គៀល កា​ទួត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ​គ្រឹង រស់នៅ​ភូមិ​តា​កាប់ ឃុំ​តាអង ស្រុក​កូនមុំ ខេត្តរតនគិរី បាន​រត់គេច​ខ្លួន​អស់​ជិត​កន្លះ​ឆ្នាំ​មក​ហើយ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ ជនសង្ស័យ សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើសកម្មភាព កាប់សម្លាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ​ស៊ូ សៀក ពិតប្រាកដ​មែន ដោយ​មូលហេតុ​ខឹង ជនរងគ្រោះ​ជំពាក់​លុយ​ថ្លៃ​ទិញ​ឈើ មិនព្រម​សង ខ្លួន​ក៏​មានគំនិត​តេ​ហៅ​ជនរងគ្រោះ មកដល់​កន្លែង​កើតហេតុ ក៏​កាប់​មួយ​កាំបិតផ្គាក់​ចំ​កញ្ចឹងក​ពីក្រោយ បណ្ដាល​ឱ្យ​ស្លាប់ នៅនឹង​កន្លែង​កើតហេតុ រួច​ក៏​ដឹក​យក​សព​និង​ម៉ូតូ​យក​ទៅ​ទំលាក់​ក្នុង​អណ្ដូង។

ក្នុង​សកម្មភាព​នេះ គឺ​ខ្លួន​ធ្វើ​តែម្នាក់ឯង​គត់។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បំពេញបែបបទ​ចាត់ការ​តាម​នីតិវិធី៕

Facebook Comments