ឃ្លាំងឈើមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ ជ្រកក្រោមស្លាកសិប្បកម្មទឹកត្រី មន្ត្រីជំនាញនិងអាជ្ញាធរ កំពុងសំងំសុខ

763

ភ្នំពេញ៖ ឃ្លាំងស្ដុកឈើប្រណិតជ្រកក្រោមស្លាកសិប្បកម្មទឹកត្រីមួយកន្លែងនៅជាប់ចិញ្ចើមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវគេរាយការមកថា ឃើញសកម្មភាពដឹកឈើប្រណិតចេញចូលយ៉ាងរលូនគ្មានការបង្ក្រាបពីមន្ត្រីជំនាញ និងអាជ្ញាធរឡើយ ឃើញតែអ្នកទាំងនោះទំនាក់ទំនងគ្នាឡើងស្អិតរមួតដូចអណ្តាត និងធ្មេញ។

សេចក្តីរាយការបានបន្តឱ្យដឹងទៀតថា ឈើប្រណិតត្រូវគេដឹកចេញចូលឃ្លាំងមួយនេះតាមរថយន្តខ្នាតធំច្រើនជាងរថយន្តតូរីស ពេលថ្ងៃមិនសូវមានទេ ច្រើនតែពេលយប់ ដោយអាងខ្នងម្ចាស់ទីតាំងផង និងការត្រូវរ៉ូវគ្នាគេផង ទើបអ្នកដែលពាក់ព័ន្ធទាំងនោះធ្វើមើលមិនឃើញនូវសកម្មភាពនេះ។

ទាក់ទង​ និងចម្ងល់នេះដែរ អភិបាលខណ្ឌព្រែកព្នៅលោក សុខ សម្បត្តិ មិនទាន់ឆ្លើយតបនៅឡើយ តាមសារដែលក្រុមការងារយើងផ្ញើចូលទៅ WhatsApp របស់លោក គ្រាន់តែឃើញសញ្ញាមើលរួចហើយប៉ុណ្ណោះ។

ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញលោក គាំ សីហា ដែលមានស្នាក់ការធ្វើការមិនឆ្ងាយពីកន្លែងស្ដុកឈើនេះប៉ុន្មានផងនោះ ក៏មិនទាន់តបផងដែរ តាមសារដែលក្រុមការងារយើងផ្ញើចូលទៅ WhatsApp របស់លោក គ្រាន់តែឃើញសញ្ញាមើលរួចហើយប៉ុណ្ណោះ។

គួររំលឹកផងដែរថា តាមសេចក្តីរាយការមកជារឿយៗថាមានឃ្លាំងស្ដុកឈើល្មើសច្បាប់ជាច្រើននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានដូចជាខណ្ឌព្រែកព្នៅ សែនសុខ ពោធិសែនជ័យ និងជ្រោយចង្វាជាដើម ។ ដែលកើតជាចម្ងល់ថា មន្រ្តីជំនាញរដ្ឋបាលព្រៃឈើប្រាក់ខែមិនច្រើនទេ តែមានប្រាក់ធ្វើមានធ្វើបាន ជាក់ស្តែងដូចលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ មានភោជនីដ្ឋានមួយកន្លែងឈ្មោះ  ក្លូរីជិន តម្លៃរាប់លានដុល្លារ ដែលមានទីតាំងនៅមុខសាលាបឋមសិក្សាទួលគោក អតីតសាលាពៅអ៉ំ និងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត ៕

Facebook Comments