ឃាត់ខ្លួនមេខ្លោងបំផ្លាញព្រៃឈើឧកញ៉ា ស៊ឹង សំអុល ខណៈមេខ្លោងផ្សេងទៀតនៅមានសេរីនៅឡើយ

363


មណ្ឌលគីរី៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានឃាត់ខ្លួនមនុស្ស៤នាក់ មានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង ខណៈរថយន្ដល្មើសផ្សេងទៀត ត្រូវបានឈ្មួញយកទៅលាក់ទុកនៅក្នុងព្រៃ។

នេះបើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឱ្យក្រុមឈ្មួញដែលពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ។

លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយគ្រប់រូបភាព។

លោកឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ មេត្តារួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ផ្លាស់ប្តូរផ្នត់គំនិត ពីការប្រកបមុខរបរកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ ទៅប្រកបមុខរបរស្របច្បាប់វិញ ដើម្បីរួមគ្នាការពារបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ៕

Facebook Comments