ការនាំចូលជ្រូកល្មើស ទើបផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកទី២នៅកម្ពុជា

290


ត្បូងឃ្មុំ ៖ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសឱ្យដឹងថា តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន២កន្លែងកំពុងកើតមាននៅ ក្នុងភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ធ្វើឱ្យកើតក្ដីបារម្ភដល់ពលរដ្ឋ ពិសេសអ្នកចិញ្ចឹមជ្រូក ដោយពួកគាត់ចោទជាសំណួរថា បើគ្មានការឃុបឃិតនាំជ្រូកល្មើសច្បាប់ និងជ្រូកឈឺចូលមកទេ គឺជំងឺនេះនឹងមិនកើតឡើយនៅកម្ពុជា។

ទាក់ទងនឹងបញ្ហានេះដែរកន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ក៏ធ្លាប់បានព្រមានថានឹងដកមន្ត្រីជំនាញមួយចំនួនដែលធ្វេសប្រហែសក្នុងការទប់ស្កាត់ ការលួចនាំចូលជ្រូកពីប្រទេសវៀតណាម ខណៈដែលប្រទេសនេះ កំពុងតែផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានសម្លាប់ជ្រូកអស់ជិត ៣លានក្បាល ពិសេសនៅជាប់តំបន់ព្រំដែនកម្ពុជា។ 

លោក វេង សាខុន បញ្ជាក់ថា ខេត្តត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត ដែលនៅជាប់ព្រំដែនវៀតណាម ត្រូវបានរកឃើញថា នៅតែមានការលួចនាំចូលជាបន្តបន្ទាប់ពីប្រទេសវៀតណាម ហើយមន្ត្រីជំនាញកំពុងតែព្រួយបារម្ភ និងតាមដានខេត្តព្រៃវែងមួយទៀត ដែលអាចសង្ស័យថា អាចមានការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះដែរ។ ហើយការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកសារជាថ្មីនេះត្រូវបានរកឃើញកាលពីចុងសប្តាហ៍មុន បន្ទាប់ពីធ្វើតេស្តពិសោធន៍ឈាមរបស់សត្វជ្រូកនៅទីតាំងទាំងពីរកន្លែងនោះ ។

ក្នុងស្ថានភាពនេះត្រូវគេមើលឃើញ ជាការព្រួយបារម្ភមួយដ៏ធំ បើសិនមិនមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទេ វាអាចនឹងឆ្លងនៅទូទាំងប្រទេស ហើយពលរដ្ឋមានការខ្លាចរអានឹងការបរិភោគសាច់ជ្រូក ហើយវានឹងប៉ះពាល់ដល់ផលិតកម្មជ្រូកទាំងមូល និងសេដ្ឋកិច្ចកម្ពុជា។

គួររំលឹកថា នៅប្រទេសកម្ពុជាជាលើកទី២ហើយ បន្ទាប់ពីផ្ទុះលើកដំបូងកាលពីអំឡុងខែមីនា នៅខេត្តមណ្ឌលគិរី ដែលបានសម្លាប់ជ្រូកជិត១០០០ក្បាល។ 

ក្នុងនោះដែរក្រសួងកសិកម្មក៏បានមានវិធានការផងដែរដោយបញ្ជាឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺនោះផងដែរ។

ទោះយ៉ាងណា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្ដែជំងឺនេះបណ្ដាលឲ្យជ្រូកឈឺ និងងាប់ក្នុងអត្រាខ្ពស់រហូតដល់ ១០០% ដែលបង្កឲ្យការខាតបងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមប៉ុណ្ណោះ៕ 

Facebook Comments